អាមេរិក៖ ដោយមិនលើកឡើងពីបញ្ហាជាមួយប្រទេសបារាំង សម្ព័ន្ធភាពត្រីភាគី និងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ គឺជាចំណែកមួយនៃពេលវេលាដ៏សំខាន់បំផុត សម្រាប់ឥទ្ធិពលរបស់សហរដ្ឋអាមេរិកនាពេលអនាគតនៅតំបន់អាស៊ី គឺត្រូវលើកមកនិយាយនៅទីក្រុងវ៉ាស៊ីនតោននៅថ្ងៃសុក្រនេះ។
ប្រធានាធិបតីអាមេរិកលោក Joe Biden កំពុងរៀបចំកិច្ចប្រជុំទល់មុខគ្នាលើកដំបូងនៃកិច្ចសន្ទនាសន្តិសុខចតុភាគី ដែលត្រូវបានគេស្គាល់ច្បាស់ថា “Quad" ដែលជាវេទិកាយុទ្ធសាស្ត្រក្រៅផ្លូវការរបស់សហរដ្ឋអាមេរិក អូស្ត្រាលី ជប៉ុន និងឥណ្ឌា ជាប្រទេសប្រជាធិបតេយ្យទាំងអស់ដែលយកចិត្តទុកដាក់ខ្លាំង ប្រឆាំងការកើនឡើងឥទ្ធិពលរបស់ចិននៅតំបន់អាស៊ី។ សេតវិមានបាននិយាយថា លោក Biden នឹងចូលរួមពិភាក្សានៅទីក្រុងវ៉ាស៊ីនតោនជាមួយលោក នាយករដ្ឋមន្ត្រីជប៉ុន Yoshihide Suga, មេដឹកនាំឥណ្ឌាលោក Narendra Modi និងនាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Scott Morrison ស្ដីពីការលើកកម្ពស់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងបើកចំហ។
កិច្ចប្រជុំនេះធ្វើឡើង ស្របពេលមានការផ្លាស់ប្តូរដ៏ធំសម្រាប់គោលនយោបាយអាមេរិក នៅតំបន់អាស៊ី។ ខណៈរដ្ឋបាលលោក Biden ព្យាយាមពង្រឹងភាពជាដៃគូការទូតរបស់ខ្លួននៅក្នុងតំបន់ ប្រទេសជប៉ុនកំពុងមានទស្សនៈកាន់តែខ្លាំងឡើងៗ អំពីការពង្រឹងវិស័យយោធារបស់ចិន។ ក្នុងពេលជាមួយគ្នានេះដែរ កិច្ចព្រមព្រៀងការពារជាតិរបស់អូស្ត្រាលីជាមួយអាមេរិក និងចក្រភពអង់គ្លេស បានពង្រឹងការប្តេជ្ញាចិត្តរបស់ទីក្រុងវ៉ាស៊ីនតោនចំពោះអាស៊ី ខណៈដែលធ្វើឱ្យដៃគូអាស៊ីអាគ្នេយ៍សំខាន់ៗមួយចំនួនមិនសប្បាយចិត្ត៕
អត្ថបទ៖ សុខមាន