ប្រជាជននៅក្នុងទីក្រុង Mexico City បានជម្លៀសខ្លួនចេញពីអគារ និងលំនៅឋានសម្រាប់ការធ្វើសមយុទ្ធរញ្ជួយដីបន្ទាន់មួយ កាលពីថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ជាកាលបរិច្ឆេទមួយ ដែលប្រារព្ធខួបនៃការបំផ្លិចបំផ្លាញដោយរញ្ជួយដី ឆ្នាំ២០១៧ និងឆ្នាំ១៩៨៥។

អាជ្ញាធរ បានបន្លឺសំឡេងកណ្តឹងរោទិ៍រញ្ជួយដី នៅទីក្រុង Mexico City ហើយបុគ្គលិកការិយាល័យបានចាប់ផ្តើមអនុវត្តការរត់ចេញ សម្រាប់ការជម្លៀសខ្លួនចេញពីអគារជាបន្ទាន់។
ប្រធានាធិបតីម៉ិកស៊ិក លោក Lopez Obrador រួមជាមួយប្រធានាធិបតីជាប់ឆ្នោតថ្មី លោកស្រី ក្លៅឌៀ សេនបោម(Claudia Sheinbaum) និងមន្ត្រីជាច្រើនរូប បានប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធជនរងគ្រោះដោយរញ្ជួយដី ឆ្នាំ២០១៧ និងឆ្នាំ១៩៨៥។

ក្នុងឆ្នាំ២០១៧ គ្រោះរញ្ជួយដីកម្រិត៧,១ រ៉ិចទ័រ បានវាយប្រហារនៅភាគកណ្តាលប្រទេសម៉ិកស៊ិក បណ្តាលឲ្យមនុស្សចំនួន៣៧០នាក់ស្លាប់ ភាគច្រើននៅក្នុងរដ្ឋធានី។ អគាររាប់ម៉ឺនខ្នងត្រូវបានបំផ្លាញ ហើយមនុស្សរាប់សិបនាក់ស្លាប់ខណៈសាលារៀន និងការិយាល័យ បានបាក់រលំ។

រញ្ជួយដី បានអង្រួនប្រទេសនេះក្នុងរយៈពេលត្រឹមតែ១២ ថ្ងៃបន្ទាប់ពីការរញ្ជួយដីដែលមានកម្លាំងខ្លាំង ដាច់ដោយឡែកមួយផ្សេងទៀត ដែលបានវាយប្រហារនៅឆ្នេរសមុទ្រភាគនិរតីប្រទេស បណ្តាលឲ្យមនុស្សប្រហែល១០០នាក់ស្លាប់។
ប៉ុន្តែខួបមួយផ្សេងទៀតក៏បានធ្វើឡើងនៅថ្ងៃដដែលនេះដែរ ដែលត្រូវបានចារទុកក្នុងចិត្តប្រជាជនវ័យចំណាស់នៅក្នុងរដ្ឋធានីសម្រាប់ការចងចាំពីការរញ្ជួយដីដ៏ធំ បណ្តាលឲ្យមនុស្សរាប់ពាន់នាក់ស្លាប់ក្នុងឆ្នាំ ១៩៨៥។