ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានគណៈកម្មការចំពោះកិច្ចត្រួតពិនិត្យ និងដោះស្រាយបញ្ហាដំណើរចេញ ចូលរបស់ពលករខ្មែរតាមព្រំដែនកម្ពុជា (គ.ច.ព.ក) នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤នេះ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល១ឆ្នាំ និងលើកទិសដៅសម្រាប់អនុវត្តបន្ដរបស់គណៈកម្មការចំពោះកិច្ចត្រួតពិនិត្យ និងដោះស្រាយបញ្ហាដំណើរចេញ ចូលរបស់ពលករខ្មែរតាមព្រំដែនកម្ពុជា។

កិច្ចប្រជុំនេះ ធ្វើឡើងនៅទីស្ដីការគណៈរដ្ឋមន្ដ្រី ដែលមានការចូលរួមពីលោកសន្ដិបណ្ឌិត គៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ដ្រៃយ៍ គ.ច.ព.ក តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ថ្នាក់ដឹកនាំ និងសមាជិក សមាជិក នៃគណៈកម្មការចំពោះកិច្ចត្រួតពិនិត្យ និងដោះស្រាយបញ្ហាដំណើរចេញ ចូលរបស់ពលករខ្មែរតាមព្រំដែនកម្ពុជា។

ក្នុងរបាយការណ៍របស់ឯកឧត្តម សន្ដិបណ្ឌិត គៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ដ្រៃយ៍ គ.ច.ព.ក បានឲ្យដឹងថា អស់រយៈពេលមួយឆ្នាំកន្លងមកនេះ គណៈកម្មការចំពោះកិច្ចត្រួតពិនិត្យ និងដោះស្រាយបញ្ហាដំណើរចេញចូលរបស់ពលករខ្មែរតាមព្រំដែនកម្ពុជា បានបំពេញតួនាទីរបស់ខ្លួនយ៉ាងសកម្ម ប្រកបដោយការទទួលខុសត្រូវខ្ពស់ ដោយសម្រេចបានលទ្ធផលជាវិជ្ជមាន ឆ្លើយតបតាម សំណូមពររបស់រាជរដ្ឋាភិបាល និងទទួលបាននូវការសាទរយ៉ាងក្លៀវក្លាពីសំណាក់ប្រជាពលរដ្ឋ ជាពិសេសប្រជាពលករដែលមានតម្រូវការធ្វើដំណើរចេញចូលឆ្លងកាត់ព្រំដែន។

ឯកឧត្តម គៀត ច័ន្ទថារិទ្ធ បានគូសបញ្ជាក់ថា លេខាធិការដ្ឋានប្រចាំការ គ.ច.ព.ក បានរៀបចំបង្កើតប្រព័ន្ធព័ត៌មានទាន់ហេតុការណ៍ ដោយ មានខ្សែទូរស័ព្ទចំនួន១ខ្សែ លេខ១២៤៤ ប្រព័ន្ធតេឡេក្រាម និងហ្វេសប៊ុកផេកដែលមានឈ្មោះថា គណៈកម្មការដោះស្រាយបញ្ហាឆ្លងដែនរបស់ពលករខ្មែរ និងចាត់តាំងឲ្យមានក្រុមប្រចាំការ ក្នុង១ក្រុម មានមន្ត្រីចំនួន៤នាក់ (ប្រចាំការនៅតាមស្ថាប័ន) ដើម្បីប្រមូល ទទួល និងបញ្ជូនព័ត៌មាន ក្នុងករណីដែលមានសំណូមពរ ឬបណ្ដឹងពីពលករដែលធ្វើដំណើរចេញ ចូលឆ្លងកាត់ព្រំដែន។ ប្រព័ន្ធនេះ ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយជាសាធារណៈជូនប្រជាពលរដ្ឋតាមរយៈក្រសួងព័ត៌មាន និងប្រព័ន្ធទំនាក់ទំនងសង្គម ក្នុងនោះក៏បានទទួលបណ្ដឹង និងដោះស្រាយជូនពលរដ្ឋផងដែរ។

សូមបញ្ជាក់ថា បើតាមទិន្នន័យទទួលបានពីអគ្គនាយកដ្ឋានអន្តោប្រវេសន៍ មានប្រជាពលរដ្ឋខ្មែរបានធ្វើដំណើរចេញចូលតាមច្រកទ្វារអន្តរជាតិកម្ពុជា-ថៃ សរុបចំនួន ៦,២២២,០៥៩នាក់ (ស្រី៣,២៤៨,៤២១នាក់) ក្នុងនោះពលករចំនួន ៥,១១៣,៩២៦នាក់ (ស្រី ២,៣៣៧,២៨៥នាក់)៕ អត្ថបទ៖ បាន ចក់

