បេក្ខភាពប្រធានាធិបតីរបស់បក្សសាធារណរដ្ឋ លោក Donald Trump បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (១៩ កញ្ញា) ថាអ៊ីស្រាអែលនឹងត្រូវ «លុបបំបាត់ចេញពីផែនទីពិភពលោក» ប្រសិនបើលោកមិនឈ្នះការបោះឆ្នោតប្រធានាធិបតីអាមេរិក ឆ្នាំ២០២៤ ហើយថាការបោះឆ្នោតនោះ គឺនិយាយអំពី «ការសង្គ្រោះអ៊ីស្រាអែល»។

លោកអតីតប្រធានាធិបតី Trump បានធ្វើអត្ថាធិប្បាយបែបនេះនៅក្នុងព្រឹត្តិការណ៍ ដែលឧបត្ថម្ភដោយក្រុមប្រឹក្សាអ៊ីស្រាអែល-អាមេរិក ក្រោមចំណងជើងថា «ការប្រយុទ្ធប្រឆាំងនឹងការប្រឆាំងជនជាតិជ្វីហ្វនៅអាមេរិក»។

ដោយត្អូញត្អែរចំពោះការពិតដែលថាការគាំទ្ររបស់ខ្លួនក្នុងចំណោមជនជាតិជ្វីហ្វអាមេរិក មានត្រឹមតែ ៤០% ដោយយោងទៅតាមការស្ទង់មតិដែលលោកបានលើកឡើងនោះ លោក Trump បាននិយាយថា «ប្រជាជនជ្វីហ្វ នឹងខាតបង់ជាច្រើន ប្រសិនបើការគាំទ្រសម្រាប់លោកនៅតែធ្លាក់ចុះបែបនេះ»។ លោក Trump បានស្តីបន្ទោសបេក្ខភាពមកពីបក្សប្រជាធិបតេយ្យ និងអនុប្រធានាធិបតីសហរដ្ឋអាមេរិក លោកស្រី Kamala Harris ចំពោះអ្វីដែលលោកហៅថា «ការផ្ទុះឡើង» នៃការប្រឆាំងជនជាតិជ្វីហ្វក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ខណៈព្រមានថា ទំនោរគាំទ្រអ៊ីស្រាអែលនៅអាមេរិក លែងមានកម្លាំងខ្លាំងក្លាដូចពេលមុនទៀតហើយ។
រដ្ឋាភិបាលសហរដ្ឋអាមេរិក បានបញ្ជាក់ម្ដងហើយម្ដងទៀតពីការគាំទ្ររបស់ខ្លួនសម្រាប់អ៊ីស្រាអែល ជាពិសេសជុំវិញការការពារខ្លួនប្រឆាំងនឹងការវាយប្រហារថ្ងៃទី០៧ តុលា របស់ក្រុមហាម៉ាស លើភាគខាងត្បូងអ៊ីស្រាអែល ដែលបានបញ្ឆេះជម្លោះដ៏បង្ហូរឈាមនៅតំបន់ហ្កាហ្សា រហូតមកដល់សព្វថ្ងៃនេះ៕