បាល់ទាត់៖ សមាគមបាល់ទាត់ទ្វីបអឺរ៉ុប UEFA បានសំរេចដំឡើងប្រាក់រង្វាន់ទ្វេដងដល់ក្រុមបាល់ទាត់ស្ត្រី ដែលចូលរួមការប្រកួតព្រឹត្តិការណ៍បាល់ទាត់អឺរ៉ុបផ្នែកនារីនៅឆ្នាំ២០២២។ អង់គ្លេសនឹងជាម្ចាស់ផ្ទះព្រឹត្តិការណ៍នេះដែលនឹងដំណើរការពីថ្ងៃទី៦ ដល់ថ្ងៃទី៣១ ខែកក្កដាឆ្នាំក្រោយ។

១៦ក្រុមដែលឆ្លងកាត់វគ្គជំរុះមានមុខនៅជុំផ្តាច់ព្រ័ត្រនឹងទទួលបាន ១៦លានអឺរ៉ុបក្នុងមួយក្រុមស្មើនឹងប្រាក់រង្វាន់ចាស់ ៨លានអឺរ៉ូក្នុងមួយក្រុមកាលពីឆ្នាំ២០១៧ នៅទឹកដីហូឡង់។ UEFA បានធ្វើការផ្លាស់ប្តូរដែលជាផ្នែកមួយនៃយុទ្ធសាស្ត្របាល់ទាត់ស្ត្រីរបស់ខ្លួនគឺ Time For Action ដែលមានបំណងធានាថា ប្រាក់កាន់តែច្រើនត្រូវបានចែកចាយសំរាប់ការប្រកួតស្ត្រី។ គណៈកម្មាធិការប្រតិបត្តិរបស់ខ្លួនបានអនុម័តការដំឡើងប្រាក់រង្វាន់កាលពីថ្ងៃពុធ រួមជាមួយគំរូនៃការចាយវាយថ្មីដើម្បីរួមបញ្ចូលប្រាក់រង្វាន់ ផ្អែកលើការប្រកួតសម្រាប់វគ្គចែកពូល។
UEFA ក៏បានយល់ព្រមលើគំរោងដែលនឹងផ្តល់ឱ្យ ៤.៥លានអឺរ៉ូ (៣.៨៦លានផោន) សំរាប់ក្លិបដែលជាម្ចាស់កីឡាការិនីដែលបានអនុញ្ញាត ឱ្យពួកគេមកចូលរួមជាមួយក្រុមជំរើសជាតិ។ សូមបញ្ជាក់ថា ការប្រកួតនេះបាល់ទាត់ស្ត្រីជើងឯកអឺរ៉ុបនេះ ត្រូវបានគ្រោងទុកដំបូងនៅឆ្នាំនេះ ប៉ុន្តែត្រូវបានរុញដើម្បីទុកពេលរៀបចំការប្រកួតផ្នែកបុរស និងអូឡាំពិកដែលសុទ្ធតែលើកពេលពីឆ្នាំ២០២០ មក ២០២១ ទាំងអស់ដោយសារវិបត្តិនៃមេរោគរាតត្បាត Covid-19 ជាសកល៕
អត្ថបទ៖នាង សុភាវុធ