អាជ្ញាធរក្នុងតំបន់បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (១៩ កញ្ញា) ថា អាកាសធាតុអំណោយផល និងរលកសមុទ្រស្ងប់ស្ងាត់ ជាមួយនឹងល្បឿនដ៏យឺតនៃខ្យល់បក់ដោយសារជិតផុតរដូវក្តៅនៅមហាសមុទ្រអាត្លង់ទិកពីអាហ្វ្រិកខាងលិច បានជំរុញឱ្យមានការកើនឡើងជាថ្មីនៃជនអន្តោប្រវេសន៍ដែលធ្វើដំណើរទៅកាន់ប្រជុំកោះកាណារី (Canary)។

សេវាសង្គ្រោះតាមសមុទ្ររបស់អេស្ប៉ាញ បាននិយាយនៅលើបណ្ដាញសង្គម X ថា៖ អេស្ប៉ាញស្ទាក់ចាប់បានទូក ៤គ្រឿង ដែលដឹកជនអន្តោប្រវេសន៍ ២២២នាក់នៅព្រឹកថ្ងៃព្រហស្បតិ៍ បន្ថែមពីលើនាវាចំនួន ១៣គ្រឿងដឹកមនុស្ស ៧៨០នាក់ ដែលបានទៅដល់ប្រជុំកោះក្នុងសប្តាហ៍នេះ។

លោក ហ្វឺណានដូ ក្លាវីហូ (Fernando Clavijo) ប្រធានតំបន់នៃប្រជុំកោះកាណារី បាននិយាយនៅលើទូរទស្សន៍រដ្ឋថា «លក្ខខណ្ឌសមុទ្រអំណោយផល កំពុងជំរុញឱ្យមានកំណើនអ្នកឆ្លងកាត់សមុទ្រគួរឱ្យកត់សម្គាល់»។ លំហូរជនអន្តោប្រវេសន៍ទៅកាន់ប្រជុំកោះអេស្ប៉ាញ ដែលមានប្រជាជនចំនួន ២,២លាននាក់នេះ បានបង្កើនភាពតានតឹងរវាងរដ្ឋបាលក្នុងតំបន់ និងរដ្ឋាភិបាលកណ្តាល លើការថែទាំជនអន្តោប្រវេសន៍ដែលមិនទាន់គ្រប់អាយុប្រហែល ៥.០០០នាក់។

បទប្បញ្ញត្តិរបស់អេស្ប៉ាញ តម្រូវឱ្យអាជ្ញាធរក្នុងតំបន់ទទួលជនអន្តោប្រវេសន៍ដែលមានអាយុក្រោម ១៨ឆ្នាំ ប៉ុន្តែហេដ្ឋារចនាសម្ព័ន្ធនៅប្រជុំកោះកាណារី បានពោរពេញដោយអ្នកមកដល់ទាំងនោះលើសកម្រិតរួចទៅហើយ ហើយលោក Clavijo បានស្នើសុំម្តងហើយម្តងទៀតឱ្យរដ្ឋាភិបាលកណ្តាលបង្ខំឱ្យតំបន់ផ្សេងទៀតជួយទទួលជនអន្តោប្រវេសន៍៕