ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ទី១៩ កញ្ញា ដោយដកស្រង់ទិន្នន័យគយ និងរដ្ឋាភិបាលឥណ្ឌា និងអឺរ៉ុប និងមន្ត្រីឧស្សាហ៍កម្មការពារជាតិរបស់ប្រទេសទាំងនោះថា គ្រាប់កាំភ្លើងធំដែលត្រូវបានផលិតនៅក្នុងប្រទេសឥណ្ឌា ត្រូវបានហូរចូលទៅក្នុងប្រទេសអ៊ុយក្រែន ទោះមានការតវ៉ាពីទីក្រុងមូស្គូក៏ដោយ។

មួយក្នុងចំណោមសម្ព័ន្ធមិត្តយុទ្ធសាស្ត្រមួយរបស់រុស្ស៊ី គឺឥណ្ឌា បានរក្សាទំនាក់ទំនងសេដ្ឋកិច្ច និងការទូតជិតស្និទ្ធរបស់ខ្លួនជាមួយទីក្រុងមូស្គូចាប់តាំងពីខែកុម្ភៈ ឆ្នាំ ២០២២មក ដោយទំហំពាណិជ្ជកម្មទ្វេភាគី ឈានដល់កម្រិតខ្ពស់ជាប្រវត្តិសាស្ត្រកាលពីឆ្នាំ ២០២៣។

ឥណ្ឌាបាននិយាយជាសាធារណៈថា ខ្លួនពុំបានបញ្ជូន ឬលក់កាំភ្លើងធំដោយផ្ទាល់ទៅអ៊ុយក្រែនទេ ប៉ុន្តែប្រភពជាច្រើនបានប្រាប់សារព័ត៌មាន Reuters ថា ក្រុង New Dehli ពុំបានចាត់វិធានការណាមួយដើម្បីបិទការផ្គត់ផ្គង់ ទៅកាន់បណ្តាប្រទេសនៅអឺរ៉ុបពីកន្លែងដែលគ្រាប់រំសេវត្រូវបានបង្វែរទៅអ៊ុយក្រែននោះទេ។
យោងតាមទីភ្នាក់ងារព័ត៌មាន Reuters បានឱ្យដឹងថា គ្រាប់ផ្លោងដែលផលិតដោយឥណ្ឌា បាននិងកំពុងហូរចូលអ៊ុយក្រែនតាមរយៈអឺរ៉ុបអស់រយៈពេលជាងមួយឆ្នាំហើយ។

មន្ត្រីឥណ្ឌាបីនាក់បានប្រាប់សារព័ត៌មានខាងលើថា វិមានក្រឹមឡាំង បានលើកឡើងបញ្ហានេះយ៉ាងហោចណាស់ពីរលើក រួមទាំងក្នុងអំឡុងពេលកិច្ចប្រជុំខែកក្កដារវាងរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov និងសមភាគីឥណ្ឌារបស់លោកផងដែរ៕