ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ សិស្សានុសិស្ស លោកតា លោកយាយ នៅក្នុងពិធីបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌ ដែលជាទំនៀមទំលាប់ព្រះពុទ្ធសាសនាប្រពៃណីខ្មែរ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ បានឈូសឆាយផ្លូវដែលមានជង្ហុកទឹកដក់ ឲ្យបានស្អាតជូនពលរដ្ឋធ្វើដំណើរ ។
លោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ បញ្ជាក់ប្រាប់ BTV ឲ្យដឹងថា ដោយមានការយកចិត្តទុកដាក់ពីលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ លោកបានដឹកនាំក្រុមការងាររដ្ឋបាលខណ្ឌពោធិ៍សែនជ័យ អាជ្ញាធរសង្កាត់ចោមចៅទី១ នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ បានចុះពិនិត្យចាក់ថ្មមិច និងឈូសឆាយពង្រាបថ្ម ផ្លូវ ចំនួន ២ខ្សែ ដោយក្នុង ១ខ្សែៗ ប្រវែងប្រហែល ៤០០ម៉ែត្រ ស្ថិតនៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
លោក ប៉ាង លីដា បញ្ជាក់បន្តថា មូលហេតុដែលអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ធ្វើការឈូសឆាយ ពង្រាបថ្ម ផ្លូវ ចំនួន ២ខ្សែនាពេលនេះ គឺដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ សិស្សានុសិស្ស លោកតា លោកយាយ នៅក្នុងពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌដែលជាទំនៀមទំលាប់ ព្រះពុទ្ធសាសនាប្រពៃណីខ្មែរ ។ រាល់ការចាក់ថ្មមិច និងឈូសឆាយនេះ ជាការចំណាយថវិកាផ្ទាល់របស់លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ ផ្ទាល់ ។ ដោយឡែកឆ្នាំ២០២៥ ខាងមុខនេះ អាជ្ញាធរនឹងប្រែក្លាយផ្លូវនេះទៅជាផ្លូវបេតុង ៕ តារាវុទ្ធី





