សេតវិមានបាននិយាយថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden និងអនុប្រធានាធិបតី លោកស្រី Kamala Harris នឹងមានជំនួបដាច់ដោយឡែកជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy នៅថ្ងៃទី២៦ ខែកញ្ញា។ សេចក្តីប្រកាសកាលពីថ្ងៃព្រហស្បតិ៍ បាននិយាយថាជំនួបទាំងពីរ នឹងធ្វើឡើងនៅសេតវិមាន។

លោក Zelenskiy បាននិយាយកាលពីខែមុនថា លោកនឹងបង្ហាញដល់លោក Biden នូវផែនការសម្រាប់ការបញ្ចប់សង្រ្គាមជាមួយរុស្ស៊ី។
ភាគីទាំងពី ក៏ទំនងជានឹងពិភាក្សាអំពីសំណើរបស់អ៊ុយក្រែនសម្រាប់ការដកចេញការរឹតត្បិតលើការប្រើប្រាស់សព្វាវុធរយៈចម្ងាយឆ្ងាយ ដែលត្រូវបានផ្តល់ឲ្យដោយសហរដ្ឋអាមេរិក និងបណ្តាប្រទេសអឺរ៉ុប។ ក្រុងគីវ បានស្នើសុំការអនុញ្ញាតដដែលៗក្នុងការប្រើប្រាស់សព្វាវុធទាំងនោះ សម្រាប់ការវាយលុកចូលជ្រៅទៅក្នុងទឹកដីរុស្ស៊ី។

លោក Zelenskiy ក៏សង្ឃឹមថានឹងជួបជាមួយអតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ផងដែរ។
ប្រធានាធិបតីអ៊ុយក្រែន ត្រូវបានគេរំពឹងថា នឹងស្នើសុំឱ្យបេក្ខជនប្រធានាធិបតី មកពីគណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យ បន្តការគាំទ្ររបស់សហរដ្ឋអាមេរិក សម្រាប់អ៊ុយក្រែន។