បាល់ទាត់៖ ខ្សែប្រយុទ្ធអង់គ្លេស Tammy Abraham គឺជាអ្នកស៊ុតបញ្ចូលទីមួយគ្រាប់គត់ឱ្យ AS Roma យកឈ្នះ Udinese ១-០ ដើម្បីមកឈរលេខ៤ ក្រោយសប្តាហ៍ទី៥ ក្របខណ្ឌអ៊ីតាលី Serie A។ កាលពីថ្ងៃអាទិត្យ Roma ទើបតែស្គាល់បរាជ័យដំបូងក្រោមការដឹកនាំរបស់លោក Jose Mourinho នៅពេលចាញ់នៅទឹកដី Verona។

ងាកមកការប្រកួតយប់មិញវិញ អតីតខ្សែប្រយុទ្ធ Chelsea, Tammy Abraham បានស៊ុតបញ្ចូលទីសំរេចនៅនាទីទី៣៦ ខណៈ Roma ក៏បាត់បង់កីឡាករម្នាក់នៅចុងម៉ោងគឺ Lorenzo Pellegrini ទទួលបានកាតលឿងទី២ បណ្តាញចេញពីការប្រកួតនៅនាទីទី៨៩។ Tammy Abraham ដែលផ្ទេរពី Chelsea មក Roma តំលៃ ៣៤លានផោនកាលពីខែសីហានោះ មកដល់ពេលនេះស៊ុតបញ្ចូលទីបាន ៣គ្រាប់ហើយក្នុងការបង្ហាញខ្លួន ៧ប្រកួតដែលក្នុងនោះមាន ២គ្រាប់នៅ Serie A។
ក្រុមរបស់លោក Jose Mourinho នៅពេលនេះមាន ១២ពិន្ទុក្រោយលេងបាន ៥ប្រកួត ខណៈក្រុមនាំមុខគេគឺ Napoli ដែលឈ្នះទាំង ៥ប្រកួតមាន ១៥ពិន្ទុពេញតាមពីក្រោយដោយ Inter Milan និង AC Milan ដែលមិនទាន់ចាញ់ដូចគ្នាមាន ១៣ពិន្ទុស្មើគ្នា៕
អត្ថបទ៖នាង សុភាវុធ