បេសកកម្មសហភាពអាហ្រ្វិក(AU) បេសកកម្មរបស់អង្គការសហប្រជាជាតិ ក្នុងប្រទេសស៊ូដង់ខាងត្បូង និងប្លុកអាហ្វ្រិកខាងកើត កាលពីថ្ងៃព្រហស្បតិ៍ បានអំពាវនាវឱ្យមេដឹកនាំស៊ូដង់ខាងត្បូង ធ្វើការរួមគ្នា និងបញ្ចប់បញ្ហាទាក់ទងនឹងការបោះឆ្នោតនិងសន្តិសុខ ដែលនៅមិនទាន់ដោះស្រាយ ដើម្បីទទួលបាន សន្តិភាពយូរអង្វែង។

បេសកកម្មសហភាពអាហ្វ្រិកនៅស៊ូដង់ខាងត្បូង អាជ្ញាធរអន្តររដ្ឋាភិបាលទទួលបន្ទុកការអភិវឌ្ឍន៍ និងបេសកកម្មអង្គការសហប្រជាជាតិនៅស៊ូដង់ខាងត្បូង បានអំពាវនាវឱ្យមានការជំរុញថ្មី ដើម្បីបំពេញតាមការប្តេជ្ញាចិត្ត ចំពោះប្រជាជនស៊ូដង់ខាងត្បូង បន្ទាប់ពីការបន្ថែមពេលវេលាសន្តិភាពអន្តរកាល។

ក្រុមបេសកកម្ម បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ដែលបានចេញផ្សាយនៅទីក្រុងជូបា រដ្ឋធានី ប្រទេសស៊ូដង់ខាងត្បូង ថា «វាមានសារៈសំខាន់ ដែលភាគីទាំងអស់ និងរដ្ឋាភិបាលអន្តរកាលនៃការរួបរួមជាតិដែលបានដំណើរការឡើងវិញ បានប្តេជ្ញានិងដាក់យន្តការចាំបាច់ ការធានា និងធនធានដែលអាចធានាបាននូវការអនុវត្តន៍ទាន់ពេលវេលា និងពេញលេញនៃភារកិច្ចដែលនៅមិនទាន់ដោះស្រាយ។
រដ្ឋាភិបាលអន្តរកាលរបស់ប្រទេស កាលពីថ្ងៃទី១៣ ខែកញ្ញា បានប្រកាសពីការពន្យារពេលការបោះឆ្នោតជាតិ និងបន្ថែមរយៈពេលអន្តរកាល២ឆ្នាំ បន្ទាប់ពីខកខានមិនបានបំពេញតាមបទប្បញ្ញត្តិសំខាន់ៗនៃកិច្ចព្រមព្រៀងសន្តិភាព។