អតីតប្រធានាធិបតីអាមេរិក និងជាបេក្ខភាពក្នុងការបោះឆ្នោតរបស់បក្សសាធារណៈរដ្ឋ លោក Donald Trump បានប្តេជ្ញាថានឹងនាំយកបម្រាមការធ្វើដំណើរដែលលោកធ្លាប់បានដាក់ក្នុងពេលកាន់តំណែងរបស់ខ្លួនឡើងវិញ ដែលរារាំងប្រជាជនពីបណ្ដាប្រទេសមូស្លីមភាគច្រើន ហើយពង្រីកបម្រាមនោះដើម្បីទប់ស្កាត់ជនភៀសខ្លួនពីតំបន់សង្រ្គាមហ្កាហ្សា មិនឱ្យចូលសហរដ្ឋអាមេរិក។

លោក Trump បាននិយាយនៅល្ងាចថ្ងៃព្រហស្បតិ៍ (១៩ កញ្ញា) ក្នុងព្រឹត្តិការណ៍មួយជាមួយម្ចាស់ជំនួយបក្សសាធារណរដ្ឋថា «ខ្ញុំនឹងហាមឃាត់ការតាំងទីលំនៅថ្មីរបស់ជនភៀសខ្លួនពីតំបន់ដែលរងឥទ្ធិពលពីក្រុមភេរវករដូចជាតំបន់ហ្កាហ្សាស្រ្ទីបជាដើម ហើយនឹងបិទព្រំដែនរបស់អាមេរិក និងនាំយកបម្រាមការធ្វើដំណើរត្រឡប់មកវិញ»។

គួររម្លឹកថា លោក Trump កាលពីមុនបានដាក់ចេញនូវកំណែនៃបម្រាមលើការធ្វើដំណើរ ដែលជាវិធានការហត្ថលេខាមួយអំឡុងពេលតំណែងប្រធានាធិបតីរបស់ខ្លួន មួយសប្តាហ៍បន្ទាប់ពីការចូលកាន់តំណែង ដោយបានបង្កឱ្យមានភាពចលាចលនៅព្រលានយន្តហោះ និងការតវ៉ា។ ចៅក្រមបានរារាំងបម្រាបដំបូង ប៉ុន្តែការផ្លាស់ប្តូរក្នុងគោលនយោបាយនោះក៏បានធ្វើឱ្យតុលាការកំពូលអាមេរិកសម្រចគាំទ្រ និងច្រានចោលការអះអាងដែលថាបម្រាបបានកំណត់គោលដៅទៅលើជនជាតិមូស្លីម។

ការលើកឡើងរបស់លោក Trump បានធ្វើឡើងក្នុងព្រឹត្តិការណ៍មួយដែលផ្តោតលើការទប់ស្កាត់ការប្រឆាំងជនជាតិជ្វីហ្វ ខណៈលោកព្យាយាមបង្កើនការផ្សព្វផ្សាយរបស់ខ្លួនទៅកាន់ពលរដ្ឋជ្វីហ្វ មុនពេលការបោះឆ្នោតនៅខែវិច្ឆិកា ប្រឆាំងនឹងអនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris ដែលជាគូប្រជែងមកពីបក្សប្រជាធិបតេយ្យរបស់ខ្លួន៕