យោធាអ៊ីស្រាអែលកាលពីយប់ថ្ងៃព្រហស្បតិ៍ បានណែនាំអ្នកស្រុករាប់សិបនាក់ នៅក្នុងសហគមន៍ភាគខាងជើង ឲ្យស្នាក់នៅជិតជម្រក និងចៀសវាងសកម្មភាពខាងក្រៅដែលមិនចាំបាច់ ដោយសារតែការសងសឹកដែលអាចកើតមានពីក្រុមហេសបូឡា។

វិទ្យុទាក់ទង និងឧបករណ៍ចាប់សញ្ញាអគ្គិសនីរាប់ពាន់គ្រឿង ដែលប្រើដោយសមាជិកហេសបូឡា (Hezbollah) បានផ្ទុះនៅទូទាំងប្រទេសលីបង់ កាលពីថ្ងៃអង្គារ និងថ្ងៃពុធ។ រដ្ឋមន្ត្រីសុខាភិបាលលីបង់ លោក ហ្វីរ៉ាស អេបៀដ (Firas Abiad) បាននិយាយថា ការបំផ្ទុះនេះ បានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ៣៧នាក់ស្លាប់ និង ២,៩៣១នាក់ រងរបួស។ ទោះបីជាអ៊ីស្រាអែល មិនបានអះអាងទទួលខុសត្រូវចំពោះការផ្ទុះក៏ដោយ ប៉ុន្តែក្រុមហេសបូឡា បានចាត់ទុកឧប្បត្តិហេតុនេះថា ជាទង្វើរបស់អ៊ីស្រាអែល ហើយបានប្តេជ្ញាសងសឹក។
អ្នកស្រុកនៅតំបន់ Upper Galilee និងតំបន់ខ្ពង់រាប Golan Heights ដែលគ្រប់គ្រងដោយអ៊ីស្រាអែល ត្រូវបានស្នើសុំឲ្យកាត់បន្ថយការធ្វើដំណើរ ចៀសវាងការជួបជុំ ត្រួតពិនិត្យច្រកទ្វារចូលសហគមន៍ និងរក្សានៅជិតជម្រក។
ការរឹតបន្តឹងខុសពីធម្មតានេះ ត្រូវបានចេញដោយបញ្ជាការ Home Front បន្ទាប់ពីយន្តហោះចម្បាំងអ៊ីស្រាអែលរាប់សិបគ្រឿង បានធ្វើការវាយប្រហារទ្រង់ទ្រាយធំបំផុតមួយ នៅក្នុងប្រទេសលីបង់។
បន្ទាប់ពីការវាយប្រហារដ៏ខ្លាំងក្លាជាច្រើនម៉ោងដែលបានចាប់ផ្តើមនៅពេលរសៀល យោធាអ៊ីស្រាអែលបានប្រកាសនៅមុនពាក់កណ្តាលអធ្រាត្រថា ប្រតិបត្តិការនេះ ត្រូវបានបញ្ចប់។