
បន្ទាយមានជ័យ៖ រសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្ដម ឧត្តមសេនីយ៍ឯក ង៉ែត ចាន់ថុន និងលោកឧត្ដមសេនីយ៍ទោ សេង ធារិន មេបញ្ជការរង នាយសេនាធិការយោធភូមិភាគទី៥ អញ្ជើញចុះត្រួតពិនិត្យកងកម្លាំងអន្តរាគមន៍ របស់កងពលតូចថ្មើរជើងលេខ៥១ តម្លើងរោងតង់ចល័ត សម្រាប់ជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ ក្នុងខេត្តបន្ទាយមានជ័យ នៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ ស្ថិតនៅក្នុងភូមិភ្នំជញ្ជាំង ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
លោកឧត្តមសេនីយ៍ សេង ធារិន បានបញ្ជាក់ថា ស្ថានភាពទឹកនៅតែបន្តហក់ឡើងជាបន្តបន្ទាប់ ក្នុងស្រុក/ក្រុងមួយចំនួនក្នុងខេត្តបន្ទាយមានជ័យ បណ្តាលឲ្យប៉ះពាល់ ដល់ជីវភាពរនៅប្រចាំថ្ងៃ ផ្ទះសម្បែង និងផលដំណាំមួយចំនួនផងដែរ។
ក្នុងនោះដែរ កម្លាំងអន្តរាគមន៍ របស់កងពលតូចថ្មើរជើងលេខ៥១ ក៏បានចេញទៅកាន់តំបន់មួយចំនួន បំពេញប្រតិបត្តិការ ជួយជញ្ជូនសម្ភារៈ មនុស្សចាស់ និងកុមារ មួយចំនួនមកកាន់ទីទួលសុវត្ថិភាពផងដែរ ដោយមានការជួយរៀបចំជំរកស្នាក់នៅបណ្តោះអាសន្ន ស្បៀងសង្រ្គោះបន្ទាន់ ពីសំណាក់គណះកម្មការគ្រោះមហន្តរាយខេត្ត និងថ្នាក់ជាតិ។
សូមបញ្ជាក់ថា កងកម្លាំងអន្តរាគមន៍ របស់កងពលតូចថ្មើរជើងលេខ៥១ ក៏កំពុងត្រៀមអន្តរាគមន៏រួចជាស្រេច២៤ម៉ោងលើ២៤ម៉ោង ត្រៀមជួយសង្រ្គោះក្នុងពេលចាំបាច់ តាមបទបញ្ជា និងសំណូមពរ ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន៕










