ក្រសួងការបរទេសចិន បានថ្កោលទោសប្រតិបត្តិការភេរវកម្មនាពេលថ្មីៗនេះ ដែលធ្វើឡើងដោយរបបអ៊ីស្រាអែល ក្នុងប្រទេសលីបង់ ដោយបញ្ជាក់ឡើងវិញនូវជំហររបស់ខ្លួនប្រឆាំងនឹងការរំលោភលើអធិបតេយ្យភាពរបស់ប្រទេសលីបង់។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ អ្នកនាំពាក្យលោក Lin Jian បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសកម្មភាពរបស់របបអ៊ីស្រាអែល ដែលពាក់ព័ន្ធនឹងការបំផ្ទុះប្រព័ន្ធទំនាក់ទំនង ដែលបណ្តាលឲ្យពលរដ្ឋលីបង់យ៉ាងតិច ៣៧នាក់ស្លាប់ និង ជាង ៤.០០០នាក់ផ្សេងទៀតរងរបួស ក្នុងអំឡុងពេលប្រតិបត្តិការ ដែលបានធ្វើឡើងកាលពីថ្ងៃអង្គារ និងថ្ងៃពុធ។
លោក Lin បានបញ្ជាក់ជាថ្មីនូវការប្រឆាំងរបស់ប្រទេសចិនចំពោះសកម្មភាពណាមួយ ដែលគំរាមកំហែងដល់សន្តិសុខ និងអធិបតេយ្យភាពរបស់ប្រទេសលីបង់ ដោយបានគូសបញ្ជាក់ពីហានិភ័យនៃការកើនឡើងភាពតានតឹងក្នុងតំបន់។ លោកបានអំពាវនាវឲ្យភាគីពាក់ព័ន្ធទាំងអស់ ធ្វើការឆ្ពោះទៅរកការរក្សាសន្តិភាព និងស្ថិរភាព នៅមជ្ឈិមបូព៌ា។
នៅពេលនេះ ក្រុមហេសបូឡា បានឆ្លើយតបទៅនឹងការឈ្លានពានរបស់របបអ៊ីស្រាអែល ដោយសង្កត់ធ្ងន់ថា ឧក្រិដ្ឋកម្មបែបនេះ នឹងជំរុញឲ្យមានការប្តេជ្ញាចិត្តពីកងកម្លាំងតស៊ូប៉ុណ្ណោះ។ ក្រុមនេះ បានប្តេជ្ញាថារបបដែលកំពុងគ្រប់គ្រងនេះ នឹងប្រឈមមុខនឹងផលវិបាកដ៏ធ្ងន់ធ្ងរសម្រាប់សកម្មភាពរបស់ខ្លួន ដោយបង្ហាញពីការកើនឡើងភាពតានតឹងជាសក្តានុពលនូវអរិភាពក្នុងតំបន់។