ភាពតានតឹងដែលកំពុងតែឡើងកម្ដៅយ៉ាងកញ្ជ្រោល នៅក្នុងដែនទឹកមមាញឹកដោយពាណិជ្ជកម្មរបស់តំបន់អាស៊ី គឺជារបៀបវារៈធំជាងគេបំផុត ខណៈដែលប្រធានាធិបតីអាមេរិក លោក Joe Biden ស្វាគមន៍មេដឹកនាំមកពីប្រទេសអូស្ត្រាលី ឥណ្ឌា និងជប៉ុន នៅឯស្រុកកំណើតរបស់លោក ក្នុងរដ្ឋ Delaware ដោយនេះគឺជាការជំរុញផ្នែកការទូត ដើម្បីទប់ទល់ជាមួយប្រទេសចិន ក្នុងរយៈប៉ុន្មានខែនៃអាណត្តិរបស់លោក។
មន្ត្រីអាមេរិក បានប្រាប់សារព័ត៌មាន Reuters ថា លោក Biden ត្រូវធ្វើដំណើរទៅកាន់ទីក្រុង Wilmington រដ្ឋ Delaware នៅថ្ងៃសុក្រ (ទី២០ ខែកញ្ញា) នេះ នៅមុនកិច្ចប្រជុំកំពូលមេដឹកនាំសម្ព័ន្ធ Quad ជាកន្លែងដែលគេរំពឹងថា មេដឹកនាំទាំងអស់ នឹងពិភាក្សាអំពីជម្លោះ រវាងទីក្រុងប៉េកាំង និងប្រទេសជិតខាងរបស់ខ្លួន នៅសមុទ្រចិនខាងត្បូង ដែលតែងតែបានប៉ះទង្គិចគ្នាម្តងហើយម្តងទៀតក្នុងដែនទឹកមានជម្លោះ។
ក្នុងរបៀបវារៈទាំងនោះ មានដូចជាបង្កើនកិច្ចសហប្រតិបត្តិការសន្តិសុខ នៅមហាសមុទ្រឥណ្ឌា និងធ្វើឲ្យប្រសើរឡើងនូវការតាមដានកងនាវានេសាទខុសច្បាប់ ដែលកំពុងប្រតិបត្តិការនៅក្នុងដែនទឹកនៃតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលភាគច្រើនជាជនជាតិចិន។
គួរបញ្ជាក់ថា លោក Biden នឹងបញ្ចប់ការកាន់តំណែងប្រធានាធិបតីបន្ទាប់ពីការបោះឆ្នោតនៅថ្ងៃទី៥ ខែវិច្ឆិកា ដែលអ្នកអង្គុយកៅអីសេតវិមានបន្ទាប់អាចជាអនុប្រធានាធិបតីរបស់លោក គឺលោកស្រី Kamala Harris ឬបេក្ខជនគណបក្សសាធារណរដ្ឋ លោក Donald Trump ដែលបានប្តេជ្ញាឲ្យមានវិធីសាស្រ្តប្រឈមមុខជាមួយចិន ហើយបានសម្តែងការសង្ស័យ ចំពោះសម្ព័ន្ធមិត្តជាប្រពៃណីរបស់សហរដ្ឋអាមេរិក។
លោក Biden បានប្តេជ្ញាថា នឹងប្រកួតប្រជែងជាមួយប្រទេសចិន ដោយមិនអនុញ្ញាតឲ្យការយល់ឃើញខុសគ្នារបស់ពួកគេក្លាយជាជម្លោះនោះឡើយ ហើយលោកត្រៀមនឹងនិយាយគ្នាម្តងទៀត ក្នុងពេលឆាប់ៗនេះជាមួយប្រធានាធិបតីចិន លោក Xi Jinping។ ប៉ុន្តែបំណងប្រាថ្នារបស់លោក ក្នុងការផ្តោតលើទំនាក់ទំនងជាមួយចិន ត្រូវបានមើលរំលង ដោយសារជម្លោះ នៅតំបន់មជ្ឈិមបូព៌ា និងសង្រ្គាម នៅអ៊ុយក្រែន៕