ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអបអរសាទរ និងលើកឡើងថា ថ្ងៃទី២៤ ខែកញ្ញានេះ ជាខួប២៨ ឆ្នាំ(១៩៩៣-២០២១)នៃថ្ងៃប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលនិងមូលដ្ឋានគ្រឹះនៃក្របខណ្ឌច្បាប់ក្នុងការដឹកនាំកសាងអភិវឌ្ឍប្រទេសជាតិ។ ការលើកឡើងរបស់សម្ដេច អគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាបែបនេះ ត្រូវបានធ្វើឡើងតាមរយៈហ្វេសប៊ុកផ្លូវការរប ស់សម្ដេចនាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១។ សម្តេចប្រធានរដ្ឋសភាបានបន្តថា ចំណុចសំខាន់ៗដែ លបានចែងច្បាស់នៅក្នុងរដ្ឋធម្មនុញ្ញមានដូចជា កម្ពុជាត្រូវគោរពដាច់ខាតនូវរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ, របបប្រជាធិបតេយ្យសេរីពហុបក្ស, ព្រះរាជាណាចក្រកម្ពុជា ជារដ្ឋឯករាជ្យ អធិបតេយ្យ សន្តិភាព អព្យាក្រឹត្យ អចិន្ត្រៃយ៍ និងមិនចូលបក្សសម្ព័ន្ធ។
សាររបស់សម្ដេច ហេង សំរិន ដដែលបន្ថែមថា រដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ បានធ្វើឱ្យប្រទេសកម្ពុជាយើងបានវិលត្រឡប់មកកាន់ព្រះរាជាណាចក្រកម្ពុជា សាជាថ្មីឡើងវិញ ក្រោយពីយើងបានបញ្ចប់សង្រ្គាមស៊ីវិល និងមានការបោះឆ្នោតដោយសេរី ជាសកលលើកទី១នៅឆ្នាំ១៩៩៣ និងបាននាំមកនូវសុខសន្តិភាព ការបង្រួបបង្រួមជាតិ និងវឌ្ឍនភាពនៅក្នុងសង្គមជាតិរបស់យើងរហូតមកដល់សព្វថ្ងៃនេះ។
សម្តេចពញាចក្រីបានអះអាថា ក្នុងរយៈពេល ២៨ឆ្នាំកន្លងមកនេះ រដ្ឋសភាដែលជាស្ថាប័ននីតិប្បញ្ញត្តិមួយ បានបំពេញតួនាទីរបស់ខ្លួនស្របតាមរដ្ឋធម្មនុញ្ញនិងច្បាប់ជាធរមានក្នុងការបំពេញភារកិច្ចស្នូលរបស់ខ្លួន លើការងារនីតិកម្ម តាមដានការអនុវត្តច្បាប់ និងភាពជាតំណាងរបស់ពលរដ្ឋ នៅក្នុងការចូលរួមលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍប្រទេសជាតិ។ រដ្ឋសភាបានអនុម័តច្បា ប់ជាច្រើន សំដៅឆ្លើយតបទៅនឹងតម្រូវការរបស់សង្គមជាតិ ទាំងក្នុងផ្នែកនយោបាយ សង្គមកិច្ច សេដ្ឋកិច្ច ពាណិជ្ជកម្ម និងទំនាក់ទំនងអន្តរជាតិ។
សម្តេចពញាចក្រីក៏បានអំពាវនាវឱ្យជនរួមជាតិគោរព ការពារ និងអនុវត្តតាមច្បាប់រដ្ឋធម្មនុញ្ញ សំដៅកសាង និងលើកកម្ពស់នីតិរដ្ឋនៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង រួបរួមគ្នាពង្រឹងឯកភាពជាតិ រក្សាការពារទឹកដីកម្ពុជា អធិបតេយ្យ និងអារ្យធម៌អង្គរដ៏បវររបស់ជាតិសាសន៍យើង ក្នុងការដឹកនាំមាតុប្រទេ សឆ្ពោះទៅជាកោះសន្តិភាព រុងរឿងថ្កុំថ្កើងតរៀងទៅ៕ ដោយ៖ គង់ ឌិន