ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំទីក្រុងប៉េកាំង បានស្នើសុំឲ្យរឹតបន្តឹងសន្តិសុខបន្ថែមទៀត សម្រាប់ជនជាតិជប៉ុននៅក្នុងប្រទេសចិន បន្ទាប់ពីក្មេងប្រុសជនជាតិជប៉ុនអាយុ ១០ឆ្នាំម្នាក់ ត្រូវបានសម្លាប់ ក្នុងសប្តាហ៍នេះ នៅក្នុងការវាយប្រហារដោយកាំបិត ដែលជាលើកទី២ សម្រាប់គោលដៅវាយប្រហារលើសិស្សសាលា។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយ នៅថ្ងៃសុក្រ (ទី២០ ខែកញ្ញា) នេះ ស្ថានទូតបានលើកឡើងថា ឯកអគ្គរដ្ឋទូត លោក Kenji Kanasugi បានថ្លែងទៅកាន់អនុរដ្ឋមន្ត្រីការបរទេសចិន លោក Sun Weidong តាមទូរសព្ទ។
យ៉ាងណាក្ដី សេចក្ដីថ្លែងការណ៍មិនបានបញ្ជាក់លម្អិតពីការឆ្លើយតបរបស់លោក Sun នោះឡើយ ប៉ុន្តែបានបន្ថែមថា ប្រទេសជប៉ុនបានជំរុញឲ្យរដ្ឋាភិបាលចិនធ្វើឲ្យអស់ពីសមត្ថភាព ដើម្បីធានាសុវត្ថិភាព សម្រាប់ជនជាតិជប៉ុននៅទីនោះ ក៏ដូចជាផ្តល់ព័ត៌មានលម្អិតអំពីឧបទ្ទវហេតុនេះ។
គួរបញ្ជាក់ថា ក្មេងរងគ្រោះបានបាត់បង់ជីវិត នៅព្រឹកថ្ងៃព្រហស្បតិ៍ បន្ទាប់ពីត្រូវបានចាក់ដោយជនដៃដល់អាយុ ៤៤ឆ្នាំឈ្មោះ Zhong នៅតាមផ្លូវធ្វើដំណើរទៅសាលារៀន វេលាម៉ោងប្រហែល ៨ព្រឹក ម៉ោងក្នុងស្រុក (ត្រូវនឹងម៉ោង ០០ ម៉ោងសកល) កាលពីថ្ងៃពុធ។ នេះគឺជាការវាយប្រហារលើកទី២ ក្បែរមជ្ឈមណ្ឌលអប់រំជប៉ុន នៅប្រទេសចិន ក្នុងប៉ុន្មានខែថ្មីៗនេះ ខណៈដែលចំណងការទូតនៅតែមានភាពតានតឹង រវាងប្រទេសទាំង២៕