អាជ្ញាធរកូរ៉េខាងត្បូង បាននិយាយថា បាឡុងផ្ទុកសំរាមរបស់កូរ៉េខាងជើង បានធ្លាក់ជាលើកទី២ នៅក្នុងបរិវេណអគាររដ្ឋាភិបាល ក្នុងទីក្រុងសេអ៊ូល នៅថ្ងៃសុក្រនេះ។
បាឡុងនេះ ត្រូវបានរកឃើញនៅចំណតរថយន្ត នៅមុខច្រកចូលធំ ដោយផ្ទុកសំរាមភាគច្រើន រួមទាំង ប្លាស្ទិកពណ៌បៃតងមួយបន្ទះដែលបង្ហាញអាសយដ្ឋានមួយ នៅទីក្រុងព្យុងយ៉ាង។
ក្រុមអ្នកពន្លត់អគ្គិភ័យ និងមន្ត្រីនគរបាល បានដាក់ខ្សែបិទតំបន់នោះ មុនពេលមន្ត្រីយោធាទៅដល់ ដើម្បីពិនិត្យរកសារធាតុគ្រោះថ្នាក់ ឬសារធាតុកខ្វក់ និងប្រមូលសំរាមទាំងនោះ។
បាឡុងនេះដែរ ត្រូវបានគេសន្មតថា ជាផ្នែកមួយនៃបាឡុងដែលកូរ៉េខាងជើង បានបង្ហោះ កាលពីថ្ងៃពុធ ដែលជាការឆ្លើយតបចុងក្រោយបំផុតរបស់ទីក្រុងព្យុងយ៉ាងចំពោះការបញ្ជូនខិត្តប័ណ្ណឃោសនារបស់សកម្មជនកូរ៉េខាងត្បូង ឆ្លងកាត់ព្រំដែន។
កូរ៉េខាងជើង បានបង្ហោះបាឡុងផ្ទុកសំរាមរាប់ពាន់គ្រាប់ ឆ្ពោះទៅកូរ៉េខាងត្បូង តាំងពីចុងខែឧសភាមក។
បាឡុងបែបនេះមួយគ្រាប់ ត្រូវបានរកឃើញនៅលើដំបូលអគាររដ្ឋាភិបាល ក្នុងខែឧសភា ខណៈដែលមួយគ្រាប់ទៀត ត្រូវបានរកឃើញនៅខាងក្នុងបរិវេណការិយាល័យប្រធានាធិបតី ក្នុងខែកក្កដា។