រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចកោះតៃវ៉ាន់ និយាយនៅថ្ងៃសុក្រនេះថា សមាសធាតុប្រើប្រាស់នៅក្នុងឧបករណ៍បញ្ជូនសញ្ញា Pagerរាប់ពាន់គ្រឿងដែលបានបំផ្ទុះនៅប្រទេសលីបង់កាលពីដើមសប្តាហ៍នេះ ពុំបានផលិតនៅកោះតៃវ៉ាន់នោះទេ ។
ក្រុមហ៊ុន Gold Apollo ដែលមានមូលដ្ឋាននៅកោះតៃវ៉ាន់ និយាយក្នុងសប្តាហ៍នេះថា ខ្លួនពុំបានផលិតឧបករណ៍ដែលត្រូវបានប្រើប្រាស់ក្នុងការវាយប្រហារនៅលីបង់នោះឡើយ ហើយឧបករណ៍ទាំងនេះ ត្រូវបានផលិតដោយក្រុមហ៊ុន BAC មានមូលដ្ឋាននៅទីក្រុង Budapest ប្រទេសហុងគ្រី ដែលមានអាជ្ញាបណ្ណប្រើប្រាស់ម៉ាករបស់វា ។
រដ្ឋាភិបាលកោះតៃវ៉ាន់ និយាយថា ពួកគេកំពុងស៊ើបអង្កេតលើអ្វីដែលបានកើតឡើង និងក្រុមនគរបាល បានធ្វើដំណើរជាច្រើនលើកទៅកាន់ក្រុមហ៊ុន Gold Apollo ។
ប្រធាន និងជាស្ថាបនិកបង្កើតក្រុមហ៊ុនតៃវ៉ាន់មួយនេះ ហើយអ្នកគ្រប់គ្រងរបស់គាត់សម្រាប់កិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន BAC ត្រូវបានសួរចម្លើយដោយរដ្ឋអាជ្ញា កាលពីយប់ថ្ងៃព្រហស្បតិ៍ តែពួកគេទាំង ២នាក់ ត្រូវបានដោះលែងវិញហើយ ។
គួរឲ្យដឹងថា ការបំផ្ទុះវិទ្យុទាក់ទង និងឧបករណ៍បញ្ជូនសញ្ញា Pager បានសម្លាប់មនុស្ស ៣៧នាក់ និងប្រហែល ៣ពាន់នាក់ផ្សេងទៀត រងរបួសនៅលីបង់ ។
យោងតាមប្រភពសន្តិសុខជាន់ខ្ពស់លីបង់ និងប្រភពផ្សេងទៀត បានឲ្យដឹងថា គ្រឿងផ្ទុះនៅក្នុងឧបករណ៍ទាំងនេះ ត្រូវបានស៊កបញ្ចូលដោយទីភ្នាក់ងារចារកម្ម Mossad របស់អ៊ីស្រាអែល ។
ក្រុមឧទ្ទាមហេសប៊ូឡាគាំទ្រដោយអ៊ីរ៉ង់ បានសន្យាថានឹងសងសឹកអ៊ីស្រាអែល ដែលពុំបានប្រកាសទទួលស្គាល់ការបំផ្ទុះនេះ ។
ភាគីបង្កសង្រ្គាមទាំង ២ បានផ្ទុះអាវុធឆ្លងកាត់ព្រំដែន ចាប់តាំងពីជម្លោះហ្កាហ្សា បានផ្ទុះឡើងកាលពីខែតុលា ឆ្នាំមុន ៕