ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងឱ្យដឹងថា ជិតពាក់កណ្ដាលនៃវត្តអារាមនានានៅក្នុងរាជធានីភ្នំពេញ ត្រូវបានរកឃើញឆ្លងមេរោគកូវីដ-១៩ បន្ទាប់ពីការប្រារព្ធពិធីបុណ្យកាន់បិណ្ឌរយៈពេល ៣ថ្ងៃកន្លងមកនេះ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងឱ្យដឹងបែបនេះនៅក្នុងសារដែលត្រូវបានបញ្ជូនទៅកាន់មហាជនតាមរយៈបណ្ដាញសង្គមតេឡេក្រាមនៅព្រឹកថ្ងៃនេះ។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ៖ «ការចាប់ផ្ដើមរបស់យើង គឺទាក់ទិននឹងការឆ្លងរីករាលដាលនៃកូវីដ-១៩ ហើយដែលម្សិលមិញនេះ ក្រុមគ្រូពេទ្យបានយកសំណាកនៅគ្រប់វត្ត ស្ទើរតែពាក់កណ្ដាលនៃវត្តនៅក្នុងទីក្រុងភ្នំពេញ គឺមានឆ្លងនូវជំងឺកូវីដ-១៩នេះ»។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ឡើងវិញថា កម្ពុជាបានទប់ស្កាត់ការឆ្លងរីករាលដាលនៃមេរោគកូវីដ-១៩ បានជោគជ័យកាលពីឆ្នាំ២០២០កន្លងមក តាមរយៈការផ្អាកការរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងការប្រារព្ធពិធីកាន់បិណ្ឌ និងពិធីបុណ្យភ្ជុំបិណ្ឌ៕
