នៅក្នុងសារជាវីដេអូថ្លែងទៅកាន់ប្រជាពលរដ្ឋលីបង់ដែលត្រូវបានចែករំលែកនៅលើបណ្តាញព័ត៌មានសង្គមកាលពីថ្ងៃព្រហស្បតិ៍ ប្រធានាធិបតីបារាំងលោក Emmanuel Macron និយាយថា ពលរដ្ឋលីបង់មិនអាចរស់នៅក្នុងសេចក្តីភ័យខ្លាចចំពោះសង្រ្គាមជិតកើតឡើងបែបនេះនោះទេ ហើយជម្លោះ ត្រូវតែចៀសផុត ។
លោក Macron និយាយផងដែរថា គ្មាននរណាម្នាក់ ចាប់អារម្មណ៍លើភាពតានតឹងឡើងកម្តៅខ្លាំងនោះទេ ។
គួរឲ្យដឹងថា យន្តហោះចម្បាំងអ៊ីស្រាអែល បានវាយប្រហារគោលដៅជាច្រើនរបស់ក្រុមហេសប៊ូឡា នៅតំបន់ភាគខាងត្បូងលីបង់ ដោយពួកគេវាយប្រហារលើទីតាំងជើងទម្របាញ់រ៉ុក្កែតរាប់រយកន្លែង ដែលយោធាអ៊ីស្រាអែល និយាយថា វាត្រូវបានបង្កើតឡើង ដើម្បីវាយប្រហារលើទឹកដីរបស់ពួកគេ ។
លោក Macron បានបញ្ចប់សាររបស់លោក ជាមួយនឹងការជំរុញភាគីនយោបាយនៅក្នុងប្រទេសលីបង់ តែងតាំងប្រធានាធិបតីឲ្យដឹកនាំប្រទេសមួយនេះ ។
លីបង់ គ្មានប្រធានាធិបតីនោះទេ ចាប់តាំងពីអាណត្តិរបស់អតីតប្រធានាធិបតី Michel Aoun បានបញ្ចប់ទៅ កាលពីខែតុលា ឆ្នាំ ២០២២ ។
គួររំឭកថា ការបំផ្ទុះវិទ្យុទាក់ទង និងឧបករណ៍បញ្ជូនសញ្ញា Pager បានសម្លាប់មនុស្ស ៣៧នាក់ និងប្រហែល ៣ពាន់នាក់ផ្សេងទៀត រងរបួសនៅលីបង់ ៕