កងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ហៅកាត់ថា UNIFIL ប្រចាំនៅភាគខាងត្បូងប្រទេសលីបង់ នៅថ្ងៃសុក្រ (ទី២០ ខែកញ្ញា) នេះ បានជំរុញឲ្យបន្ធូរបន្ថយភាពតានតឹង បន្ទាប់ពីមានការកើនឡើងនូវអរិភាព នៅព្រំដែនលីបង់-អ៊ីស្រាអែល ជាកន្លែងដែលអ៊ីស្រាអែល និងក្រុមហេសបូឡាគាំទ្រដោយអ៊ីរ៉ង់ បានប្រយុទ្ធគ្នាអស់រយៈពេលជិត ១ឆ្នាំមកហើយ។
អ្នកនាំពាក្យ លោក Andrea Tenenti បានប្រាប់សារព័ត៌មាន Reuters ថា កងកម្លាំង UNIFIL បានឃើញ «ការកើនឡើងយ៉ាងខ្លាំងក្លានូវអរិភាព នៅទូទាំងខ្សែបន្ទាត់ពណ៌ខៀវ (Blue Line)» និងទូទាំងតំបន់ប្រតិបត្តិការរបស់ខ្លួន។ លោកបានបន្តថា៖ «យើងមានការព្រួយបារម្ភ ចំពោះការកើនឡើងនៅទូទាំងខ្សែបន្ទាត់ពណ៌ខៀវនេះ ហើយជំរុញឲ្យគ្រប់ទាំងអស់បន្ធូរបន្ថយការកើនឡើងជាបន្ទាន់»។
ខ្សែបន្ទាត់ពណ៌ខៀវ សំដៅដល់ព្រំដែន រវាងលីបង់ និងអ៊ីស្រាអែល។ កាលពីល្ងាចថ្ងៃព្រហស្បតិ៍ (ទី១៩ ខែកញ្ញា) យន្តហោះចម្បាំងអ៊ីស្រាអែលបានធ្វើការវាយប្រហាររបស់ខ្លួនយ៉ាងខ្លាំងក្លាទៅលើភាគខាងត្បូងលីបង់ អំឡុងពេលនៃជម្លោះកំពុងបន្តមាននេះ។
ការវាយប្រហារនេះ បានកើតឡើងបន្ទាប់ពីមានការបំផ្ទុះឧបករណ៍ទាក់ទងរាប់ពាន់គ្រឿង ដែលប្រើប្រាស់ដោយក្រុមហេសបូឡា ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣៧នាក់ ហើយរាប់ពាន់នាក់ទៀតរងរបួស៕