ក្រុមអ្នកស្រុកនៅទីក្រុង Mexico City ត្រូវបានជម្លៀសចេញពីក្នុងអគារ និងផ្ទះសម្បែងរបស់ពួកគេ សម្រាប់ការសមយុទ្ធរញ្ជួយដីសង្រ្គោះបន្ទាន់ កាលពីថ្ងៃព្រហស្បតិ៍ គឺជាកាលបរិច្ឆេតមួយរំឭកដល់ខួបគ្រោះរញ្ជួយដីឆ្នាំ ២០១៧ និងឆ្នាំ ១៩៨៥ ។
ក្រុមអាជ្ញាធរ បានប្រកាសអាសន្នការរញ្ជួយដីនៅទីក្រុង Mexico City ហើយក្រុមការងារការិយាល័យ បានចាប់ផ្តើមរត់ទៅរកអគារ ដើម្បីជម្លៀសសង្រ្គោះបន្ទាន់ ។
ប្រធានាធិបតីម៉ិកស៊ិកលោក Lopez Obrador ជាមួយនឹងប្រធានាធិបតីជាប់ឆ្នោតលោកស្រី Claudia Sheinbaum និងក្រុមមន្រ្តីជាច្រើនទៀត បានចូលរួមពិធីឧទ្ទិសដល់វិញ្ញាណក្ខន្ធជនរងគ្រោះដោយសារការរញ្ជួយដីឆ្នាំ ២០១៧ និងឆ្នាំ ១៩៨៥ ។
គួរឲ្យដឹងថា កាលពីឆ្នាំ ២០១៧ ការរញ្ជួយដីកម្រិត ៧,១រ៉ិចទ័រ បានវាយប្រហារតំបន់ភាគកណ្តាលម៉ិកស៊ិក រយៈពេលប៉ុន្មានម៉ោងក្រោយសមយុទ្ធជម្លៀសខ្លួនរំឭកដល់ការរញ្ជួយដីចាស់ និងបានសម្លាប់មនុស្ស ៣៧០នាក់ ដែលភាគច្រើននៃពួកគេរស់នៅក្នុងទីក្រុង Mexico City ។
អគាររាប់ម៉ឺនខ្នង បានរងការខូចខាត ហើយមនុស្សរាប់សិបនាក់ បានសម្លាប់ដោយសារតែការបាក់រលំសាលារៀន និងអគារការិយាល័យ ។
ភាពរំញ័រ បានអង្រួនប្រទេសមួយនេះ រយៈពេល ១២ថ្ងៃប៉ុណ្ណោះ ក្រោយការរញ្ជួយដីដ៏ខ្លាំងក្លាជាងនេះដាច់ដោយឡែកមួយទៀត ដែលបានវាយប្រហារតំបន់ឆ្នេរភាគនិរតីម៉ិកស៊ិក ដោយបានសម្លាប់មនុស្សប្រហែល ១០០នាក់ ។
ប៉ុន្តែការរំឭកខួបមួយទៀតនៅកាលបរិច្ឆេតតែមួយនេះ ហើយនិងនៅដិតដាមជាប់ក្រអៅបេះដូងពលរដ្ឋទីក្រុង Mexico City គឺការរញ្ជួយដីដ៏ខ្លាំងក្លាបំផុតដែលបានសម្លាប់មនុស្សរាប់ពាន់នាក់កាលពីឆ្នាំ ១៩៨៥ ៕


