ប្រទេសរុស្ស៊ី នៅថ្ងៃសុក្រ (ទី២០ ខែកញ្ញា) នេះ បានលើកឡើងថា ប្រទេសលោកខាងលិចកំពុងដាក់សម្ពាធឥតអៀនខ្មាស លើប្រទេសចិន ជុំវិញបញ្ហាកោះតៃវ៉ាន់ ហើយសកម្មភាព «បង្កហេតុ» របស់ប្លុកនេះ បានធ្វើឲ្យខូចដល់ស្ថិរភាពតំបន់ និងសន្តិសុខអន្តរជាតិ។
ហើយអ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បាននិយាយទៅកាន់អ្នកសារព័ត៌មានថា ទីក្រុងម៉ូស្គូបានគាំទ្រវិធានការរបស់ប្រទេសចិន ក្នុងការការពារអធិបតេយ្យភាពរបស់ខ្លួន។
ក្រសួងការពារជាតិចិន បានឲ្យដឹងនៅថ្ងៃសុក្រនេះថា ការលក់អាវុធរបស់សហរដ្ឋអាមេរិកទៅឲ្យកោះតៃវ៉ាន់ បានបំពានយ៉ាងធ្ងន់ធ្ងរលើ «គោលការណ៍ចិនតែ១» និងបទប្បញ្ញត្តិនៃសេចក្តីថ្លែងការណ៍រួម រវាងប្រទេសចិន និងសហរដ្ឋអាមេរិក។
កាលពីថ្ងៃពុធ (ទី១៨ ខែកញ្ញា) ប្រទេសចិនបានប្រកាសពីវិធានការប្រឆាំងនឹងក្រុមហ៊ុនដែលមានទំនាក់ទំនងនឹងយោធាអាមេរិកចំនួន៩ ពាក់ព័ន្ធនឹងការលក់អាវុធរបស់អាមេរិកទៅឲ្យកោះតៃវ៉ាន់។
គួរបញ្ជាក់ថា រុស្ស៊ីដែលកំពុងជាប់ដៃប្រយុទ្ធជាមួយកងកម្លាំងអ៊ុយក្រែនដែលត្រូវបានជួយគាំទ្រដោយអង្គការណាតូ និងប្រទេសចិនដែលស្ថិតក្រោមសម្ពាធពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់សហរដ្ឋអាមេរិក ដើម្បីទប់ទល់នឹងកម្លាំងយោធា និងសេដ្ឋកិច្ចដែលកំពុងកើនឡើងរបស់ខ្លួននោះ បានមើលឃើញពីបុព្វហេតុភូមិសាស្ត្រនយោបាយរួមកាន់តែខ្លាំងឡើងៗ៕


