ភ្នំពេញ ៖ ថ្ងៃទី២៤ ខែកញ្ញា ម្សិលមិញនេះ ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាអនុប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងលោកជំទាវ យី សុភា បានបរិច្ចាគអង្ករជាទានរបស់សប្បុរសដល់បណ្ដាលវត្តដែលខ្វះខាតក្នុងបរិបទកូវីដ១៩ ដែលកំពុងរាតត្បាតជាសកល។
ដោយបានមើលឃើញពីទុក្ខលំបាកក្នុងវិស័យពុទ្ធសាសនា មានវត្តចំនួន៥,០២៤ វត្ត ព្រះសង្ឃមានចំនួន ៧១,៦១០ អង្គ ជាពិសេសក្នុងស្ថានភាពដែលព្រះសង្ឃជួបការលំបាកខ្វះខាតដោយសារកូវីដ១៩ ឯកឧត្តម និងលោកជំទាវកើតមានសេចក្តីសោមនស្សជ្រះថ្លាបរិច្ចាគនូវអង្ករចំនួន ១០០តោន គិតជាទឹកប្រាក់ ១៩០.០០០.០០០រៀល។
អំណោយជាទានសប្បុរសទាំងនេះ ប្រគល់ជូន តាមរយៈគណៈសង្ឃនាយកគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា ដែលមានសម្តេចព្រះពោធិវ័ង្ស អំ លឹមហេង ព្រះសង្ឃនាយករងទី១ ជាប្រធានចាត់ចែងទៅតាមទីវត្តអារាមទាំងឡាយ ក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីជួយសម្រាលបន្ទុកដល់រាជរដ្ឋាភិបាលកម្ពុជា ឱ្យទាន់ពេលវេលា បន្ទាប់ពីដាក់ចេញនូវសេចក្តីសម្រេចស្តីពីការផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
ក្នុងកាលៈទេសៈនេះ ឯកឧត្តមបណ្ឌិត និងលោកជំទាវ មានក្តីសង្ឃឹមយ៉ាងមុតមាំថា ប្រទេសកម្ពុជាយើងនឹងឆ្លងផុតពេលវេលាដ៏លំបាកនេះ ក្នុងពេលឆាប់ៗ ក្រោមកិច្ចដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ដែលជាប្រមុខរាជរដ្ឋាភិបាលកម្ពុជានៃយើង។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត និងលោកជំទាវ សូមប្រគេនជូនជាដំណឹងដល់គ្រប់ព្រះគ្រូចៅឣធិការវត្តដែលជួបការខ្វះខាតពិតប្រាកដ សូមទំនាក់ទំនងទៅកាន់ព្រះគ្រូឣនុគណគ្រប់ស្រុក ដើម្បីទទួលយកនូវទេយ្យវត្ថុ ដែលបានរៀបរាប់ខាងលើ៕
អត្ថបទ ៖ មុត សុទ្ធ




