ប្រមុខអង្គការសុខភាពពិភពលោក(WHO)បាននិយាយថា ការបំផ្ទុះវិទ្យុទាក់ទង និងឧបករណ៍បញ្ជូនសញ្ញា Pager ក្នុងសប្តាហ៍នេះ បានបង្អាក់យ៉ាងធ្ងន់ធ្ងរដល់ប្រព័ន្ធសុខភាពដ៏ផុយស្រួយនៅក្នុងប្រទេសលីបង់ ។
ក្រុមអាជ្ញាធរលីបង់ និយាយថា ការបំផ្ទុះវិទ្យុទាក់ទង និងឧបករណ៍បញ្ជូនសញ្ញា Pager បានសម្លាប់មនុស្ស ៣៧នាក់ និងមនុស្សប្រហែល ៣ពាន់នាក់ផ្សេងទៀត រងរបួស ។
អគ្គលេខាធិការអង្គការ WHO លោក Tedros Adhanom Ghebreyesusនិយាយប្រាប់សន្និសីទសារព័ត៌មានថា ហេតុការណ៍ទាំងអស់នេះ បានធ្វើឲ្យអាក់ខានយ៉ាងធ្ងន់ធ្ងរដល់ប្រព័ន្ធសុខភាពដែលផុយស្រួយរួចទៅហើយនៅក្នុងប្រទេសលីបង់ ហើយអង្គការរបស់លោក បានផ្គត់ផ្គង់ឈាម និងសម្ភារៈវេជ្ជសាស្រ្តដល់ពួកគេ ។
លោក Mike Ryan គឺជាប្រធានផ្នែកសង្រ្គោះបន្ទាន់របស់ WHO និយាយថា ប្រព័ន្ធសុខភាពទាំងមូល ស្ថិតក្រោមសំពាធខ្លាំងយ៉ាងឆាប់រហ័ស ។
លោកវេជ្ជបណ្ឌិត Abdinasir Abubakar គឺជាអ្នកតំណាង WHOប្រចាំនៅប្រទេសលីបង់ និយាយថា មន្ទីរពេទ្យ ១០០កន្លែង បានព្យាយាមឆ្លើយតបនឹងវិបត្តិមួយនេះ ។
នៅក្នុងសន្និសីទសារព័ត៌មានតែមួយ លោក Tedros និយាយថា ករណីជំងឺអុតស្វា កំពុងកើនឡើងនៅអាហ្វ្រិក ហើយអង្គការរបស់លោក មានគម្រោងបញ្ជូនគ្រឿងផ្គត់ផ្គង់វេជ្ជសាស្រ្តទម្ងន់ ៣៣តោន សម្រាប់ការធ្វើតេស្ត ព្យាបាល និងបង្ការករណីឆ្លងនៅកេនយ៉ា ដែលជាប្រទេសរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុតដោយសារជំងឺមួយនេះ ៕


