នៅថ្ងៃសុក្រនេះ រុស្ស៊ី បានព្រមានលោកខាងលិច និងអ៊ុយក្រែន ពីផលវិបាកដ៏មហន្តរាយ បើសិនជាពួកគេបន្តនូវអ្វីដែលជាសេនារីយោបង្ករឿងលើប្រទេសបេឡារុស ។
អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីអ្នកស្រី Maria Zakharova និយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា ទីក្រុងម៉ូស្គូ មានក្តីបារម្ភចំពោះអ្វីដែលអ្នកស្រីចាត់ទុកថាជាសកម្មភាពបង្ករឿងកើនឡើងរបស់អង្គការណាតូ នៅតាមព្រំដែនជាមួយបេឡារុស ដោយអ្នកស្រីពុំច្រានចោលនោះឡើយ លទ្ធភាពដែលថាអាចមានការប៉ុនប៉ងធ្វើឲ្យមានការកើនឡើងភាពតានតឹងក្នុងតំបន់ ។
អ្នកស្រី Zakharova និយាយផងដែរថា លោកខាងលិចគួរតែបញ្ឈប់ការផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន និងបញ្ឈប់ការគាំទ្រសកម្មភាពភេរវកម្ម បើសិនជាពួកគេចង់ផ្ញើរសញ្ញាថា ពួកគេគិតគូរពីការស្វែងរកដំណោះស្រាយបញ្ចប់សង្រ្គាម ។
អ្នកស្រីថា ផែនការសន្តិភាពដាក់ជូនដោយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy គ្មានអ្វីត្រូវធ្វើជាមួយនឹងការដោះស្រាយជម្លោះនោះទេ ។
លោក Zelenskiy និយាយកាលពីថ្ងៃពុធថា អ៊ុយក្រែនបានបញ្ចប់ការរៀបចំ “ផែនការជ័យជំនះ”ដែលមានបំណងពិភាក្សាជាមួយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ពេលដែលរូបលោកបំពេញទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិកនៅសប្តាហ៍ក្រោយ ។
អ្នកការទូតរូបនេះ បាននិយាយទៀតថា វិបត្តិនៅអ៊ុយក្រែនដែលបណ្តាប្រទេសលោកខាងលិច កំពុងប្រើជាឈ្នាន់ប្រឆាំងនឹងប្រទេសរបស់ពួកយើង នៅតែជាកត្តាសំខាន់ដែលបង្កើតបរិយាកាសអន្តរជាតិ ។ ដូច្នេះហើយ ពួកគេបន្តផ្គត់ផ្គង់អាវុធ និងប្រាក់ដល់របបទីក្រុងគីវ ស្នើគំនិតផ្តួចផ្តើមសន្តិភាព និងព្យាយាមប្រមូលផ្តុំប្រទេសឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន នៅខាងភាគីរបស់ពួកគេ ហើយឥឡូវ ពួកគេថែមទាំង បានងាកទៅរកការគាំទ្រដោយបើកចំហ និងធ្វើការវាយប្រហារភេរវកម្មប្រឆាំងនឹងជនស៊ីវិល និងហេដ្ឋារចនា សម្ព័ន្ធសន្តិភាព ៕


