មន្ត្រីសន្តិសុខជាន់ខ្ពស់មួយរូប នៅថ្ងៃសុក្រ (ទី២០ ខែកញ្ញា) នេះ បាននិយាយថា ប្រទេសហ្វីលីពីនសង្ឃឹមថា នឹងអាចទទួលបានមីស៊ីលមានសមត្ថភាពបាញ់ក្នុងរយៈចម្ងាយមធ្យម នាពេលអនាគត ហើយចង់ប្រើប្រាស់ប្រព័ន្ធ Typhon ដែលដាក់ពង្រាយដោយសហរដ្ឋអាមេរិក សម្រាប់ការហ្វឹកហ្វឺនយោធារបស់ខ្លួន ដោយមិនមានផែនការភ្លាមៗ ក្នុងការបញ្ជូនប្រព័ន្ធនេះត្រឡប់ទៅវិញនោះឡើយ។
ដោយបញ្ជាក់ពីរបាយការណ៍មុននេះរបស់សារព័ត៌មាន Reuters ទីប្រឹក្សាសន្តិសុខជាតិហ្វីលីពីន លោក Eduardo Ano បានប្រាប់ថា មិនមានពេលវេលាកំណត់នោះឡើយ ក្នុងការដកប្រព័ន្ធមីស៊ីលរយៈចម្ងាយមធ្យមរបស់សហរដ្ឋអាមេរិកចេញពីប្រទេស ពោលគឺជាប្រព័ន្ធដែលប្រទេសចិនបានទាមទារឲ្យយកចេញ ដោយលើកឡើងពីហានិភ័យនៃការប្រឈមមុខដាក់គ្នាខាងភូមិសាស្ត្រនយោបាយ។
គួរបញ្ជាក់ថា សារព័ត៌មាន Reuters កាលពីថ្ងៃព្រហស្បតិ៍ (ទី១៩ ខែកញ្ញា) បានរាយការណ៍ថា សហរដ្ឋអាមេរិកកំពុងសាកល្បងលទ្ធភាពនៃការប្រើប្រាស់ប្រព័ន្ធមីស៊ីល ក្នុងករណីមានជម្លោះតាមតំបន់ ហើយមិនមានផែនការភ្លាមៗ ក្នុងការយកប្រព័ន្ធមីស៊ីលនេះទៅវិញទេ។
គ្រឿងយុទ្ធោបករណ៍នោះត្រូវបានបញ្ជូនទៅភាគខាងជើងហ្វីលីពីន កាលពីខែមេសា ជាផ្នែកនៃសមយុទ្ធយោធារួមគ្នារបស់សម្ព័ន្ធមិត្តការពារជាតិទាំង២ ជាអ្វីដែលត្រូវបានដាក់ពង្រាយលើកដំបូង នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ទោះបីជាមិនមានការបាញ់មីស៊ីល ក្នុងអំឡុងពេលធ្វើសមយុទ្ធនោះក៏ដោយ។
គួរបញ្ជាក់ថា ការដាក់ពង្រាយប្រព័ន្ធមីស៊ីល Typhon ពោលគឺជាប្រព័ន្ធអាចបំពាក់ដោយមីស៊ីលតម្រង់គោលដៅ ដែលមានសមត្ថភាពវាយប្រហារគោលដៅរបស់ប្រទេសចិន បានកើតមានឡើងចំពេលដែលភាពតានតឹង រវាងទីក្រុងប៉េកាំង និងទីក្រុងម៉ានីល កាន់តែឡើងកម្ដៅខ្លាំងឡើង ជុំវិញតំបន់ជម្លោះនៃសមុទ្រចិនខាងត្បូង៕