ទ្វីបអាហ្វ្រិក៖ អង្គការសុខភាពពិភពលោកនៅក្នុងសេចក្តីថ្លែងការណ៍បាននិយាយថា ការដឹកជញ្ជូនវ៉ាក់សាំងបង្ការវីរុស COVID-19 ទៅកាន់ទ្វីបអាហ្វ្រិកបានកើនឡើងលើសពី ៧ដងពីប្រមាណ ២០លានទៅ ១៥០លានដូសជារៀងរាល់ខែ ដើម្បីចាក់វ៉ាក់សាំងការពារពេញលេញដល់ប្រជាជនរបស់ខ្លួន ៧០% នៅត្រឹមខែកញ្ញា ឆ្នាំ២០២២។

គោលដៅ ៧០% ត្រូវបានព្រមព្រៀងនៅក្នុងកិច្ចប្រជុំកំពូលស្ដីពីវីរុស COVID-19 សកលនៅក្រៅមហាសន្និបាតអង្គការសហប្រជាជាតិក្នុងសប្ដាហ៍នេះ។ មជ្ឈមណ្ឌល COVAX ដែលជាវេទិកាសកលដើម្បីធានាការទទួលបានវ៉ាក់សាំងបង្ការវីរុស COVID-19 ប្រកបដោយសមធម៌ ត្រូវបានបង្ខំឱ្យកាត់បន្ថយការដឹកជញ្ជូនតាមផែនការទៅកាន់ទ្វីបអាហ្វ្រិកចំនួន ២៥% នៅឆ្នាំនេះដោយសារកង្វះការផ្គត់ផ្គង់ជាសកល និងបម្រាមនាំចេញ។ ខណៈការនាំចេញរបស់មជ្ឈមណ្ឌល COVAX នៅតែចូលមកក្នុងបណ្ដាប្រទេសអាហ្វ្រិកដែលចំនួន ៤លានដូសត្រូវបានទទួលកាលពីសប្តាហ៍មុន មានវ៉ាក់សាំងត្រឹមតែមួយភាគបីប៉ុណ្ណោះដែលប្រទេសអ្នកមាន បានសន្យាចែករំលែកជាមួយប្រទេសនៅទ្វីបអាហ្វ្រិកនៅចុងឆ្នាំ២០២១ នេះ។
ការដឹកជញ្ជូនទាំងនេះត្រូវបានគេកោតសរសើរ ប៉ុន្តែវាពាក់ព័ន្ធនឹងការទទួលបានត្រឹមតែមួយភាគបី នៃដូសវ៉ាក់សាំងដែលបានសន្យានៅចុងឆ្នាំ២០២១។ ល្បឿននៃការចាក់វ៉ាក់សាំងនៅទ្វីបអាហ្វ្រិកកើនឡើង ដើម្បីធ្វើឲ្យសម្រេចបានគោលដៅជាសកលនៃការចាក់វ៉ាក់សាំង ៧០% នៃប្រជាជនប្រទេសនីមួយៗ៕
អត្ថបទ៖ ប៊ុន ថន