របាយការណ៍ពីទីភ្នាក់ងារស្ថិតិរបស់អឺរ៉ុប Eurostat នៅថ្ងៃសុក្រ (ទី២០ ខែកញ្ញា) នេះ បានបង្ហាញថា ពាក្យសុំលើកដំបូងពីអ្នកស្វែងរកសិទ្ធិជ្រកកោន នៅក្នុងបណ្តាប្រទេសសហភាពអឺរ៉ុប (EU) បានធ្លាក់ចុះនៅក្នុងខែមិថុនា ដោយជនជាតិស៊ីរី វ៉េណេហ៊្សុយអេឡា និងអាហ្វហ្គានីស្ថាន គឺជាអ្នកដាក់ពាក្យសុំដំបូង។
ទីភ្នាក់ងារស្ថិតិ Eurostat បានរាយការណ៍ពីសំណើសុំសិទ្ធិជ្រកកោនលើកដំបូងចំនួន ៧០.៣៧៥ច្បាប់ ពីពលរដ្ឋមិនមែនសហភាពអឺរ៉ុប នៅទូទាំង ២៧ប្រទេសរបស់ប្លុកនេះ ពោលគឺថយចុះ ១៧ភាគរយ បើធៀបនឹងខែមិថុនា ឆ្នាំ២០២៣។
ប្រជាជនស៊ីរីនៅតែជាចំនួនដ៏ធំបំផុតនៃអ្នកដាក់ពាក្យសុំដែលមានចំនួន ១២ភាគរយ ក្នុងខែមិថុនា តាមមកដោយពលរដ្ឋវ៉េណេហ្ស៊ុយអេឡា និងអាហ្វហ្គានីស្ថាន ដែលមានចំនួន ៩ភាគរយ និង ៨ភាគរយរៀងគ្នា។
Eurostat បានឲ្យដឹងថា ក្នុងចំណោមកការដាក់ពាក្យសុំទាំងនោះ ច្រើនជាង ៣ភាគ៤ ត្រូវបានទទួលដោយប្រទេសអាល្លឺម៉ង់ អេស្ប៉ាញ អ៊ីតាលី និងបារាំង ខណៈដែល ២,៩ភាគរយ ត្រូវបានធ្វើឡើងដោយអនីតិជនដែលមិនមានអាណាព្យាបាលទៅជាមួយ។
តែយ៉ាងណាក្ដី ពាក្យសុំដែលបានដាក់ស្នើទៅកាន់ប្រទេសអាល្លឺម៉ង់ ក្នុងខែមិថុនា ឆ្នាំ២០២៤ បានធ្លាក់ចុះ ២៧ភាគរយ ដោយធ្លាក់មកត្រឹម ១៦.៧៧០ច្បាប់ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន៕


