រដ្ឋមន្ត្រីក្រសួងមហាផ្ទៃឥណ្ឌា នៅថ្ងៃសុក្រ (ទី២០ ខែកញ្ញា) នេះ បានប្រាប់ឲ្យដឹងថា ពួកឧទ្ទាមម៉ៅនិយមដែលកំពុងឈរជើងនៅក្នុងព្រៃភាគកណ្តាលនៃប្រទេសឥណ្ឌា គួរតែព្រមចុះចាញ់ ឬបើមិនដូច្នោះទេប្រឈមជាមួយនឹងការវាយលុក «យ៉ាងធ្ងន់ធ្ងរ»។
គួរបញ្ជាក់ថា មនុស្សជាង ១០.០០០នាក់ហើយ បានបាត់បង់ជីវិត នៅក្នុងការបះបោររយៈពេលជាច្រើនទសវត្សរ៍ដែលធ្វើឡើងដោយចលនា Naxalite នៅក្នុងតំបន់ដ៏សំខាន់របស់កុលសម្ព័ន្ធដែលសម្បូរប្រភពធនធានរបស់ប្រទេសឥណ្ឌា។
តែយ៉ាងណាក្ដី បើយោងតាមទិន្នន័យរបស់រដ្ឋាភិបាល បានបង្ហាញថា ការបះបោរបានធ្លាក់ចុះយ៉ាងខ្លាំង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយការបង្ក្រាបដោយកងកម្លាំងសន្តិសុខ បានសម្លាប់ពួកឧទ្ទាមយ៉ាងហោចណាស់ ១៦០នាក់ នៅក្នុងឆមាសទី១ នៃឆ្នាំ២០២៤ នេះ។
បន្ទាប់ពីបានជួបក្រុមពលរដ្ឋមកពីរដ្ឋ Chhattisgarh ភាគកណ្តាល រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Amit Shah បាននិយាយថា៖ «មនុស្សជាច្រើនបានចូលរួមក្នុងចរន្តសង្គមសំខាន់ៗ ហើយពួកអ្នកក៏គួរតែធ្វើដូច្នោះដែរ។ ព្រមចុះចាញ់! ហើយដាក់អាវុធចុះ»។ អមដោយការបន្ថែមថា រដ្ឋាភិបាលរំពឹងថា នឹងលុបបំបាត់ចលនា Naxalite នេះ នៅដើមឆ្នាំ២០២៦ លោកបានសង្កត់ធ្ងន់ថា៖ «ប៉ុន្តែប្រសិនបើមិនដូច្នោះទេ យើងនឹងចាប់ផ្តើមយុទ្ធនាការយ៉ាងធ្ងន់ធ្ងរ ហើយបន្ទាប់មក នឹងទទួលបានជោគជ័យ»។
ចលនា Naxalites ដែលដាក់ឈ្មោះតាមស្រុកដែលយុទ្ធនាការប្រដាប់អាវុធរបស់ពួកគេ បានចាប់ផ្តើមនៅឆ្នាំ១៩៦៧ ត្រូវបានបំផុសគំនិតដោយមេដឹកនាំបដិវត្តន៍ចិន លោក ម៉ៅ សេទុង៕