នៅថ្ងៃសុក្រនេះ ក្រុមអ្នកស្រុក បាននាំគ្នាសែងសាកសពឆ្លងកាត់តាមផ្លូវនៅទីក្រុង Qabatiya ស្ថិតក្នុងតំបន់កាន់កាប់វ៉េសប៊ែង អំឡុងពិធីបុណ្យសពរបស់ជនប៉ាឡេស្ទីន ៣នាក់ ដែលត្រូវបានសម្លាប់នៅក្នុងការវាយឆ្មក់របស់អ៊ីស្រាអែលកាលពីរយៈពេល ១ថ្ងៃមុន ។
អភិបាលក្រុង Jenin លោក Kamal Abu al-Rub និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រកាលពីថ្ងៃព្រហស្បតិ៍ថា ជនប៉ាឡេស្ទីន ៦នាក់ត្រូវបានសម្លាប់ និងមនុស្ស ១៨នាក់ផ្សេងទៀត បានរងរបួស នៅក្នុងការវាយឆ្មក់របស់អ៊ីស្រាអែល ។
សាកសពជនប៉ាឡេស្ទីនទី ៧ ត្រូវបានរកឃើញនាពេលក្រោយក្នុងថ្ងៃព្រហស្បតិ៍នោះ ។
លោក Kamal និយាយថា មនុស្ស ៤នាក់ ក្នុងចំណោមអ្នករងរបួស ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ហើយកងកម្លាំងអ៊ីស្រាអែល បានដកចេញពីទីក្រុង Qabatiya ក្រោយបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធនៅតំបន់នោះ ។
ក្រសួងសុខាភិបាលប៉ាឡេស្ទីន និយាយថា មនុស្ស ៧១៦នាក់ ត្រូវបានសម្លាប់នៅក្នុងតំបន់វ៉េសប៊ែង ចាប់តាំងពីជម្លោះផ្ទុះឡើងរវាងក្រុមជីវពលហាម៉ាស់ និងកងកម្លាំងអ៊ីស្រាអែល កាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ក្នុងនោះមនុស្សប្រហែល ៥.៧៥០នាក់ បានរងរបួស ៕