យោធាអ៊ីស្រាអែលនិយាយថា រ៉ុក្កែតជាង ១០០គ្រាប់ ត្រូវបានបាញ់ចេញពីប្រទេសលីបង់ ចូលទៅកាន់តំបន់ភាគខាងជើងអ៊ីស្រាអែល ធ្វើឲ្យមានការប្រកាសអាសន្ននៅតាមតំបន់ជាច្រើន ។
ផ្សែងខ្មៅ ត្រូវបានគេមើលឃើញផុសនៅពីលើព្រំដែនភាគីលីបង់ និងអ៊ីស្រាអែល ហើយទូរទស្សន៍រដ្ឋអ៊ីស្រាអែល Kan រាយការណ៍នៅថ្ងៃសុក្រនេះថា រ៉ុក្កែតប្រហែល ១៥០គ្រាប់ ត្រូវបានបាញ់ចេញពីលីបង់ ឆ្លងព្រំដែនចូលប្រទេសអ៊ីស្រាអែល ។
ការវាយប្រហារនេះ បានកើតមានឡើង ក្រោយកងកម្លាំងការពារជាតិអ៊ីស្រាអែល(IDF) បានបើកការវាយប្រហារតាមច្រកអាកាសលើតំបន់ភាគខាងត្បូងលីបង់ ដោយមានគោលដៅលើទីតាំងរបស់ក្រុមហេសប៊ូឡា គាំទ្រដោយអ៊ីរ៉ង់ ។
យោធាអ៊ីស្រាអែល និយាយថា យន្តហោះចម្បាំងរបស់ខ្លួន បានវាយប្រហារលើជើងទម្របាញ់រ៉ុក្កែតជាង ១០០គ្រឿង ក៏ដូចជាឃ្លាំងស្តុកអាវុធរបស់ពួកគេ ។
ការវាយប្រហារនេះដែរ បានកើតមានឡើង បន្ទាប់ពីរដ្ឋមន្រ្តីការពារជាតិអ៊ីស្រាអែលលោក Yoav Gallant និយាយថា ពួកយើងនៅចំណុចចាប់ផ្តើមដំណាក់កាលថ្មីនៃសង្រ្គាម ៕