ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានទទួលយកការតិះដៀលរបស់ក្រុមប្រឆាំងមួយចំនួនដែលគ្មានហេតុផល ក្នុងករណីដែលសម្តេច បានសម្រេចបិទវត្តអារាមទូទាំងប្រទេសមិនឲ្យប្រារព្ធពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ គឺសម្តេចធ្វើឡើងក្នុងគោលបំណងការពារសុខភាព និងអាយុជីវិតរបស់បងប្អូនទាំងអស់ ហើយក៏មិនចង់ឃើញប្រជាពលរដ្ឋខ្មែរយើងស្លាប់ដោយសារមេរោគកូវីដ១៩ ច្រើនដូចប្រទេសដទៃផងដែរ។
ថ្លែងតាមរយៈសារពិសេសមួយទៅកាន់ជនរួមជាតិ នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាមិនបានបោះបង់ចោលនូវពិធីបុណ្យ ឬប្រពៃណីរបស់ខ្មែរនោះទេ ប៉ុន្តែក្នុងបរិបទនេះ គឺត្រូវបង្ខំចិត្តផ្អាកជាបន្ទាន់ ដើម្បីសុខភាព និងអាយុជីវិតរបស់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ដោយមិនបានបិទសិទ្ធ និងហាមប្រាមមិនឲ្យធ្វើបុណ្យទាននោះឡើយ។
យ៉ាងណាក៏ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក៏បានធ្វើការសូមអភ័យទោស និងសម្តែងការសោកស្តាយចំពោះការផ្អាកមិនឲ្យប្រជាពលរដ្ឋ និងពុទ្ធបរិស័ទ ប្រារព្ធពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដោយសារតែបង្ការទប់ស្កាត់ការរីករាលដាលនូវមេរោគកូវីដ១៩នោះ។
សម្តេច បានថ្លែងទៀតថា ប្រសិនបើបងប្អូនប្រជាពលរដ្ឋនៅមានជីវិតបងប្អូនអាចមានលទ្ធភាពធ្វើបុណ្យបានយូរអង្វែង និងរាប់សិបឆ្នាំទៅមុខទៀតផងដែរ។
បើតាមការអះអាងរបស់សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងផងដែរថា ក្រោយក្រុមគ្រូ ពេទ្យយកសំណាកនៅតាមវត្តនានា ក្នុងរាជធានីភ្នំពេញ បានបង្ហាញឲ្យឃើញថា វត្តស្ទើតែពាក់កណ្តាលបានរកឃើញវជ្ជមានមេរោគកូវីដ១៩ ហើយក្នុងនោះ ក៏មានវត្តឧណ្ណាឡោម ដែលជាវត្តស្នាក់នៅរបស់សម្តេចសង្ឃផងដែរ៕
អត្ថបទ ៖ បាន ចក់

