សម្ព័ន្ធយោធាណាតូ បានបញ្ចប់សមយុទ្ធប្រឆាំងយានដ្រូនដ៏សំខាន់ នៅក្នុងសប្តាហ៍នេះ ដោយប្រទេសអ៊ុយក្រែន បានមកចូលរួមជាលើកដំបូង ខណៈសម្ព័ន្ធមិត្តលោកខាងលិចមួយនេះព្យាយាមយល់ដឹងបន្ទាន់ពីការអភិវឌ្ឍន៍និងការប្រើប្រាស់យ៉ាងទូលំទូលាយនៃប្រព័ន្ធយានដ្រូនក្នុងសង្គ្រាមនៅទីនោះ។
សមយុទ្ធ នៅមូលដ្ឋានយោធាប្រទេសហូឡង់ ដែលមានការចូលរួមពីប្រទេសជាង២០ និងក្រុមហ៊ុនចំនួនប្រមាណ៥០ បានសាកល្បងប្រព័ន្ធបច្ចេកវិទ្យាទំនើប ដើម្បីរកឃើញ និងប្រឆាំងយានដ្រូន និងវាយតម្លៃពីរបៀបដែលពួកគេធ្វើការរួមគ្នា។ សមយុទ្ធរយៈពេល១១ថ្ងៃ បានបញ្ចប់ដោយការបង្ហាញពី យានដ្រូនរាំងផ្លូវ និងប្រជ្រៀតចូល ក្នុងពេលនៃតួនាទីដ៏សំខាន់របស់ពួកគេនៅក្នុងសង្គ្រាមអ៊ុយក្រែន ត្រូវបានបង្ហាញជាថ្មីម្តងទៀត។
ការវាយប្រហារដោយយានដ្រូនរបស់អ៊ុយក្រែនទ្រង់ទ្រាយធំមួយ បានបង្កឱ្យមានការផ្ទុះដ៏រញ្ជួយ នៅឃ្លាំងអាវុធធំរបស់រុស្ស៊ី។ នៅថ្ងៃបន្ទាប់ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា ទីក្រុងមូស្គូ កំពុងបង្កើនការផលិតយានដ្រូន រហូតដល់ជិត ១,៤ លានគ្រឿង នៅឆ្នាំនេះ។
ការរីកសាយនៃយានដ្រូននៅក្នុងសង្រ្គាម ដើម្បីបំផ្លាញគោលដៅ និងអង្កេតមើលសមរភូមិ បានជំរុញឱ្យសម្ព័ន្ធយោធាណាតូ បង្កើនការយកចិត្តទុកដាក់របស់ខ្លួនលើការគំរាមកំហែង ដែលអាចបង្កដល់សម្ព័ន្ធមិត្ត។
លោក Matt Roper ប្រធានមជ្ឈមណ្ឌលស៊ើបការណ៍សម្ងាត់ ឃ្លាំមើល និងឈ្លបយកការណ៍ នៅទីភ្នាក់ងារបច្ចេកវិទ្យារបស់សម្ព័ន្ធនេះ បាននិយាយថា សម្ព័ន្ធណាតូ ទទួលបានការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ។ អ្នកជំនាញបានព្រមាន សម្ព័ន្ធយោធាណាតូ ថា សម្ព័ន្ធនេះចាំបាច់ត្រូវតាមឲ្យទាន់សង្គ្រាមយានដ្រូន។ របាយការណ៍ពីមជ្ឈមណ្ឌលសម្រាប់ការវិភាគគោលនយោបាយអ៊ឺរ៉ុប think tank បានប្រកាសកាលពីខែកញ្ញា ឆ្នាំមុនថា «ណាតូមានយានដ្រូនតិចតួចណាស់ សម្រាប់ការប្រយុទ្ធប្រឆាំងនឹងសត្រូវដ៏ខ្លាំងក្លា»។


