អាមេរិក៖ ប្រធានាធិបតីលោក Joe Biden បានទទួលស្វាគមន៍មេដឹកនាំនៃសម្ព័ន្ធមិត្តឥណ្ឌូ-ប៉ាស៊ីហ្វិកដែលត្រូវបានគេស្គាល់ថា “Quad” នៅសេតវិមានកាលពីថ្ងៃសុក្រ ខណៈដែលលោកបានបញ្ចប់នូវសប្តាហ៍ដ៏លំបាកនៃផ្នែកការទូត ដែលលោកប្រឈមទៅនឹងការរិះគន់ពីទាំងសម្ព័ន្ធមិត្ត និងសត្រូវ។

កិច្ចប្រជុំជាមួយមេដឹកនាំមកពីប្រទេសឥណ្ឌា ជប៉ុន និងអូស្ត្រាលីបានផ្តល់ឱកាសឱ្យលោក Biden ផ្តោតការយកចិត្តទុកដាក់លើគោលដៅគោលនយោបាយការបរទេសដ៏សំខាន់មួយ គឺការយកចិត្តទុកដាក់កាន់តែខ្លាំងចំពោះតំបន់ប៉ាស៊ីហ្វិក ដោយផ្អែកលើអ្វីដែលសហរដ្ឋអាមេរិកមើលឃើញថា ជាការអនុវត្តន៍សេដ្ឋកិច្ចដោយបង្ខំរបស់ប្រទេសចិន និងការធ្វើសមយុទ្ធយោធាមិនបានសម្របសម្រួលនៅក្នុងតំបន់។ នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បាននិយាយថា កិច្ចប្រជុំកំពូលសន្តិសុខទាំង ៤ប្រទេស (Quad) នឹងដើរតួជាកម្លាំងដើម្បីផលប្រយោជន៍សកល។ មេដឹកនាំទាំងបួនត្រូវបានគេរំពឹងថា ប្រកាសពីគំនិតផ្តួចផ្តើមវ៉ាក់សាំងបង្ការវីរុស COVID-19, ផែនការពង្រឹងខ្សែចង្វាក់ផ្គត់ផ្គង់ឧបករណ៍អេឡិចត្រូនិក និងកម្មវិធីដើម្បីនាំនិស្សិតបញ្ចប់ការសិក្សាផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យាទៅកាន់ សាកលវិទ្យាល័យសហរដ្ឋអាមេរិក។
ប៉ុន្តែមេដឹកនាំទាំង ៤ ក៏ត្រូវបានគេរំពឹងថា ពិភាក្សាអំពីសន្តិសុខនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ជាពិសេសខណៈប្រទេសចិនបន្តបង្ហាញកម្លាំងនៅក្នុងតំបន់ទាក់ទងទៅនឹងកោះតៃវ៉ាន់។ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison និយាយថា យើងឈរនៅទីនេះជាមួយគ្នានៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ជាតំបន់ដែលយើងប្រាថ្នាចង់មានសេរីភាពពីការបង្ខិតបង្ខំ ដែលសិទ្ធិដែនអធិបតេយ្យភាពរបស់ប្រជាជាតិទាំងអស់ត្រូវបានគោរព ហើយជាកន្លែងដែលជម្លោះត្រូវបានដោះស្រាយដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ៕
អត្ថបទ៖ ប៊ុន ថន