ក្រសួងការបរទេសស៊ីរីកាលពីថ្ងៃសុក្រ បានថ្កោលទោសការវាយប្រហារតាមផ្លូវអាកាសនាពេលថ្មីៗនេះ របស់អ៊ីស្រាអែល ទៅលើភាគខាងត្បូងទីក្រុងបេរូត ដោយហៅការវាយប្រហារនេះថា ជាការបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ និងមនុស្សជាតិ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងបានពិពណ៌នាការវាយប្រហារនេះថា ជា «ឧក្រិដ្ឋកម្មសង្រ្គាម» និង «ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ» ដោយបន្ថែមថា សកម្មភាពរបស់អ៊ីស្រាអែល បង្ហាញពីការមិនយកចិត្តទុកដាក់ចំពោះបទដ្ឋានច្បាប់ នៅក្នុងតំបន់។
សេចក្តីថ្លែងការណ៍ បានបញ្ជាក់ថា៖«ស៊ីរីសូមគាំទ្របងប្អូនដែលតស៊ូនៅក្នុងប្រទេសលីបង់ ហើយសម្តែងការទំនុកចិត្តលើសមត្ថភាពរបស់ពួកគេ ក្នុងការប្រឈមមុខនឹងការវាយលុកដ៏កំសាកទាំងនេះ» ដោយបង្ហាញពីសាមគ្គីភាពរបស់ស៊ីរីជាមួយលីបង់។
រដ្ឋាភិបាលស៊ីរី បានព្រមានថា ការបន្តការវាយប្រហារបែបនេះ គំរាមកំហែងដល់ស្ថិរភាពក្នុងតំបន់ ដោយថ្កោលទោសចំពោះការគាំទ្រផ្នែកយោធា និងនយោបាយដែលសហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចបានផ្តល់ដល់អ៊ីស្រាអែល។