ចង្ហាន់ និងទេយ្យទានដែលបានពីពិធីបុណ្យភ្ជុំបិណ្ឌ នឹងត្រូវព្រះសង្ឃ បែកចែកធ្វើជាទានសប្បុរស បន្តទៅដល់ជនក្រីក្រ ឬជនងាយរងគ្រោះ ជាដើម ។
ព្រះបិដកធម្មមេ ម៉ៅ នីម ព្រះអនុគណសង្ឃខណ្ឌ៧មករា និងជាព្រះចៅអធិការវត្តព្រះពុទ្ធមានបុណ្យ បានមានសង្ឃដីកាឱ្យដឹងថា ចង្ហាន់ដែលពុទ្ធបរិស័ទយកមកប្រគេនព្រះសង្ឃ គឺនឹងត្រូវចែកជូនបន្តដល់ញាតិញោមជាភ្ញៀវ ជាចាស់ទុំក្នុងវត្ត ពិសេសគឺចែកជូនដល់ជនអនាថា អ្នកសុំទាន ដើម្បីទទួលបានទៅបរិភោគ ក្រោយពេលដែលព្រះសង្ឃឆាន់ពេលថ្ងៃត្រង់រួច ។
ព្រះចៅអធិការ បន្ថែមថា សម្រាប់ទេយ្យទានវិញ គឺនឹងត្រូវធ្វើការបែកចែកមួយចំនួន សម្រាប់ជាទានប្រគេនទៅកាន់កាកកបាទក្រហមកម្ពុជា ដែលនេះជាផ្នែកមួយ នៃការចូលរួមចំណែកជាមួយសកម្មភាពសប្បុរស ពីចម្ងាយ ទោះបីមិនបានជូនផ្ទាល់ដល់ដៃរបស់ជនក្រីក្រ ឬអ្នកខ្វះខាតក៏ដោយ ។
ប្រជាពុទ្ធបរិស័ទ សម្តែងក្តីជ្រះថ្លានឹងការធ្វើបុណ្យដាក់ទាន ក្នុងរដូវកាលកាន់បិណ្ឌទី៤នេះ ដោយពួកគាត់បានមកធ្វើបុណ្យរួមគ្នាជាមួយបងប្អូនសាច់ញាតិ និងលក្ខណៈក្រុមគ្រួសារ ដើម្បីជាការឧទ្ទិសកុសលផលបុណ្យដល់ញាតិការ៧ សណ្តានដែលបានចែកឋាន ទៅបរលោកនៅជាតិខាងមុខ ។
សូមបញ្ជាក់ថា ពិធីបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌ មានរយះពេល១៥ថ្ងៃ ដោយគិតចាប់ពីថ្ងៃ១៨ ខែកញ្ញា រហូតដល់ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៤ខាងមុខ ។ ទន្ទឹមនឹងនោះដែរ បញ្ហាសន្តិសុខសុវត្ថិភាព ក៏ត្រូវបានការពារយ៉ាងយកចិត្តទុកដាក់ផងដែរ ពីសំណាក់កម្លាំងអាជ្ញាធរ មានសមត្ថកិច្ច ក្នុងមូលដ្ឋាន ដើម្បីការពារធានាមិនឱ្យអំពើអសន្តិសុខណាមួយអាចកើតមានឡើងនោះឡើយ ក្នុងពេលដែលប្រជាពុទ្ធបរិស័ទនាំគ្នាទៅធ្វើបុណ្យតាមទីវត្តអារាមនោះ ៕ អត្ថបទ៖ លីហេង













