រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក សឺហ្គេ ឡាវរ៉ូវ ( Sergey Lavrov) បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយ Sky News Arabia ថា ទីក្រុងមូស្គូ និងទីក្រុងប៉េកាំង មិនចាំបាច់បង្កើតសម្ព័ន្ធភាពយោធាទេ ដោយកងទ័ពនៃប្រទេសទាំងពីរសហការគ្នាដោយជោគជ័យ ដោយពុំចាំបាច់បង្កើតសហភាពណាមួយ ឡើយ។
លោកបានថ្លែងថា៖«យើងត្រូវបានគេសួរជាញឹកញាប់ថា នៅពេលណាដែលយើងនឹងបង្កើតសម្ព័ន្ធភាពយោធា។ យើងមិនចាំបាច់បង្កើតវាទេ។ យើងធ្វើសមយុទ្ធយោធាជាទៀងទាត់» ដោយបានបន្ថែមថា៖«កងទ័ព សហការគ្នា បន្តជួយគ្នាទៅវិញទៅមក បង្កើនសមត្ថភាពសម្រាប់សកម្មភាពរួមគ្នា សមយុទ្ធរួមគ្នា ទាំងអស់នេះ ដោយមិនចាំបាច់មានសម្ពន្ធភាពយោធា ដូចសម្ព័ន្ធអាត្លង់ទិកខាងជើងទេ»។
លោករដ្ឋមន្ត្រី បានបន្ថែមថា ទំនាក់ទំនងទាំងនោះ គឺល្អបំផុតនៅក្នុងប្រវត្តិសាស្រ្តនៃទំនាក់ទំនងដែលមានរវាងរុស្ស៊ី និងចិន។ លោក បានបញ្ជាក់ថា៖«ពួកវា គឺជាយុទ្ធសាស្ត្រ»។