ជនប៉ាឡេស្ទីន និយាយថា ការវាយប្រហាររបស់អ៊ីស្រាអែល បានសម្លាប់មនុស្សយ៉ាងហោច ២២នាក់នៅក្នុងសាលារៀនដែលផ្តល់ជាទីជម្រកដល់មនុស្សជម្លៀសខ្លួននៅតំបន់ភាគខាងត្បូងទីក្រុងហ្កាហ្សា កាលពីថ្ងៃសៅរ៍ ស្របពេលដែលយោធាអ៊ីស្រាអែល និយាយថា ការវាយប្រហារនេះ មានគោលដៅលើមន្ទីរមេបញ្ជាការក្រុមហាម៉ាស់ ។
ក្រសួងសុខាភិបាលហ្កាហ្សា និយាយថា ភាគច្រើននៃអ្នកស្លាប់ គឺជាស្រ្តី និងកុមារ ។ ការិយាល័យសារព័ត៌មានរដ្ឋាភិបាលគ្រប់គ្រងដោយក្រុមហាម៉ាស់ និយាយថា កុមារ ១៣នាក់ រួមទាំងទារកអាយុ ៣ខែ និងស្រ្តី ៦នាក់ ស្ថិតនៅក្នុងចំណោមអ្នកស្លាប់ ។
យោធាអ៊ីស្រាអែលនិយាយថា ពួកគេបានវាយប្រហារមន្ទីរមេបញ្ជាការក្រុមហាម៉ាស់ ដែលបង្កប់ខ្លួននៅក្នុងបរិវេនសាលារៀន ហើយនិងបានធ្វើការចោទប្រកាន់ជាថ្មីម្តងទៀតថា ក្រុមហាម៉ាស់ ប្រើប្រាស់ទីតាំងស៊ីវិលក្នុងគោលបំណងយោធា ដែលការចោទប្រកាន់នេះ ត្រូវបានក្រុមហាម៉ាស់ច្រានចោលទាំងស្រុង ។
ដោយឡែក ការទាមទាររបស់អ៊ីស្រាអែលឲ្យបន្តគ្រប់គ្រងបន្ទាត់ព្រំដែនភាគខាងត្បូងរវាងទីក្រុង Rafah និងអេហ្ស៊ីប បានក្លាយជាចំណុចខ្ទាស់ដ៏សំខាន់មួយនៅក្នុងកិច្ចខិតខំអន្តរជាតិ ដើម្បីបញ្ចប់កិច្ចព្រមព្រៀងបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ។
ក្រុមហាម៉ាស់ និយាយថា ពួកគេផ្តោតលើតែកិច្ចព្រមព្រៀងបញ្ចប់សង្រ្គាម និងដកកងម្លាំងអ៊ីស្រាអែលចេញពីតំបន់ហ្កាហ្សាប៉ុណ្ណោះ ខណៈដែលអ៊ីស្រាអែល និយាយថា សង្រ្គាមអាចបញ្ចប់ទៅបាន ពេលណាដែលក្រុមហាម៉ាស់ត្រូវបានកម្ចាត់អស់ទាំងស្រុង ។
ចំណែកឯចំណុចខ្ទាស់មួយទៀត បានបញ្ជាក់ពីការដោះដូរចំណាប់ថ្នូរអ៊ីស្រាអែល ជាមួយអ្នកទោសប៉ាឡេស្ទីនដែលឃុំឃាំងដោយអ៊ីស្រាអែល ៕



