សប្បុរសជននានា ដែលដឹកនាំដោយឯកឧត្តម យឿន យឿត ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា និង ជាទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានយកអំណោយជាគ្រឿងបរិភោគផ្តល់ជូនរដ្ឋបាលខេត្តកំពង់ស្ពឺ ដើម្បីត្រៀមបម្រុងទុកចែកជូនពលរដ្ឋក្រីក្រ និងពលរដ្ឋរងគ្រោះដោយសារគ្រោះធម្មជាតិ។
អំណោយដែលជាអង្ករចំនួន១០តោន សារ៉ុងចំនួន១០០០ មីម៉ាម៉ាចំនួន៥០កេសធំនេះ គឺបានទទួលដោយផ្ទាល់ពីសំណាក់ ឯកឧត្តម ជាម ច័ន្ទសោភណ្ឌ អភិបាលគណៈអភិបាល ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤នេះនៅសាលាខេត្តកំពង់ស្ពឺ។
បើតាមឯកឧត្តម យឿន យឿត បានឲ្យដឹងថា អំណោយដែលជាគ្រឿងបរិភោគនេះគឺ បានមកពីការរៃអង្គាស់គ្នាពីសប្បុរសជននានាទាំងក្នុង និងក្រៅប្រទេស និងក្រុមហ៊ុន ហុង ម៉េងជូ ដើម្បីផ្តល់ជូនដល់រដ្ឋបាលខេត្តកំពង់ស្ពឺទុកសម្រាប់ចែកជូនបងប្អូនក្រីក្រ និងរងគ្រោះ ធម្មជាតិ ជាពិសេសគឺរងគ្រោះដោយទឹកជំនន់តែម្តង។
ក្រោយទទួលនូវអំណោយដែលជាជំនួយសប្បុរសធម៌នេះឯកឧត្តម ជាម ច័ន្ទសោភ័ណ្ឌ បានថ្លែងអំណរគុណចំពោះសប្បុរសជន ដែលបានផ្តល់ជូននាពេលនេះ ខណៈអំណោយ នេះនឹងរក្សាទុកសម្រាប់ចែកជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រ និងរងគ្រោះនានាជាយថា ហេតុណាមួយ៕ អត្ថបទ៖ បាន ចក់


