កាលពីថ្ងៃសៅរ៍ម្សិលមិញ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានប្រកាសថា លោកនឹងផ្តល់ប្រាក់ ១៥០លានដុល្លារ ក្នុងមូលនិធិសហព័ន្ធថ្មី ដើម្បីអភិវឌ្ឍបច្ចេកវិទ្យា ជួយគ្រូពេទ្យវះកាត់យកចេញដុំគីសមហារីក ដោយមានជំនួយពីក្រុមមេដឹកនាំក្រុមប្រទេស Quad ។
នាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi បានប្រកាសការគាំទ្រ ៧,៥លានដុល្លារផងដែរ សសម្រាប់ឧបករណ៍ពិនិត្យសំណាក ឧបករណ៍វេជ្ជសាស្រ្តផ្សេងទៀត ក៏ដូចជាវ៉ាក់សាំង ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកមាត់ស្បូន ។
កម្មវិធី Cancer Moonshot គឺជាបណ្តើមគំនិតរបស់សេតវិមាន ដើម្បីនាំការដឹកនាំជាថ្មី ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺមហារីក ជួយសម្រួលដល់កិច្ចសហការថ្មី និងជំរុញវឌ្ឍនភាពឲ្យឆ្លងកាត់ដំណើរជំងឺមហារីក ដោយប្រើប្រាស់គ្រប់ផ្នែកទាំងអស់នៃសហគមន៍ជំងឺមហារីក - ទីភ្នាក់ងារ និងនាយកដ្ឋានសហព័ន្ធ ក្រុមហ៊ុនឯកជន អ្នកផ្តល់សេវាថែទាំសុខភាព ក្រុមអ្នកជំងឺ សប្បុរសជន និងពលរដ្ឋអាមេរិកទាំងអស់ ។
សេតវិមាន និយាយថា ពលរដ្ឋអាមេរិកអាមេរិកជិត ២លាននាក់ ធ្វើរោគវិនិច្ឆ័យឃើញមានដុំគីស មហារីកជារៀងរាល់ឆ្នាំ ហើយការវះកាត់យកចេញ គឺជាជំហានដំបូងនៅក្នុងដំណើរការព្យាបាលពួកគេ ៕
