ក្រុមមន្រ្តីនិយាយថា មនុស្សម្នាក់ ស្លាប់ និងមនុស្ស ៧នាក់ផ្សេងទៀត កំពុងបាត់ខ្លួន ក្រោយភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានពីមុន បង្កឲ្យកើតមានទឹកជំនន់ និងបំណាក់ដី នៅតំបន់ Ishikawa ដែលបានរងផលប៉ះពាល់ដោយការរញ្ជួយដី ស្ថិតនៅភាគខាងជើងប្រទេសជប៉ុន ។
កាលពីថ្ងៃសៅរ៍ម្សិលមិញ ទីភ្នាក់ងារឧតុនិយមជប៉ុន បានចេញសេចក្តីប្រកាសគំរាមកំហែងដល់អាយុជីវិតកម្រិតខ្ពស់បំផុតរបស់ខ្លួន សម្រាប់តំបន់ Ishikawa បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំង ដែលគេរំពឹងថា នឹងបន្តបង្អុរចុះរហូតដល់ថ្ងៃត្រង់ថ្ងៃអាទិត្យនេះ ។
មនុស្សជាង ៤ម៉ឺននាក់ នៅទូទាំងទីក្រុងចំនួន ៤ ត្រូវបានបញ្ជាឲ្យជម្លៀសខ្លួន ក្រោយទឹកទន្លេយ៉ាងហោច ១២ទន្លេ នៅក្នុងតំបន់ បានប្រៀបច្រាំង ។
ទូរទស្សន៍រដ្ឋ NHK របស់ជប៉ុន រាយការណ៍ថា មនុស្ស ២នាក់ដែលបាត់ខ្លួន ត្រូវបានទឹកទន្លេហូរយកទៅ ។
ខណៈពេលនោះដែរ ក្រុមកម្មករ ៤នាក់ផ្សេងទៀត ដែលកំពុងជួសជុលផ្លូវបន្ទាប់ការរញ្ជួយដីសម្លាប់នៅនៅថ្ងៃចូលឆ្នាំសកល បានបាត់ខ្លួនផងដែរ ។
NHK រាយការណ៍ថា ទឹកភ្លៀងកម្ពស់ ១២០មីលីម៉ែត្រ ត្រូវបានរកឃើញនៅទីក្រុង Wajima កាលពីព្រឹកថ្ងៃសៅរ៍ ពេលមានភ្លៀងធ្លាក់ខ្លាំងបំផុតពុំធ្លាប់មានពីមុនមកនៅក្នុងតំបន់ ៕


