អ៊ីស្រាអែល និងលីបង់ បានបើកការបាញ់ប្រហារដាក់គ្នាទៅមកយ៉ាងតានតឹងនៅថ្ងៃអាទិត្យ (២២ កញ្ញា) នេះដោយយន្តហោះចម្បាំងអ៊ីស្រាអែល បានទម្លាក់គ្រាប់បែកដ៏ខ្លាំងក្លាបំផុតក្នុងរយៈពេលជិតមួយឆ្នាំនៃជម្លោះនៅទូទាំងភាគខាងត្បូងនៃប្រទេសលីបង់ ខណៈក្រុមសកម្មប្រយុទ្ធ ហេសបូឡា បានអះអាងការវាយប្រហារដោយគ្រាប់រ៉ូកែតទៅលើគោលដៅយោធានៅភាគខាងជើងអ៊ីស្រាអែល។

យោធាអ៊ីស្រាអែលនិយាយថា ខ្លួនបានវាយប្រហារគោលដៅប្រហែល ២៩០កន្លែង កាលពីថ្ងៃសៅរ៍ រួមទាំងជើងទម្របាញ់រ៉ូកែតបេអឹមរបស់ក្រុមហេសបូឡារាប់ពាន់ដើម ហើយនិយាយថាខ្លួននឹងបន្តវាយប្រហារគោលដៅនៃចលនាគាំទ្រដោយអ៊ីរ៉ង់មួយនេះ។
អ៊ីស្រាអែលបានបិទសាលារៀន និងរឹតបន្តឹងការជួបជុំនៅក្នុងតំបន់ជាច្រើននៃភាគខាងជើងប្រទេស និងតំបន់ខ្ពង់រាប ហ្កូឡាន់ (Golan Heights) កាន់កាប់ដោយអ៊ីស្រាអែល កាលពីព្រឹកថ្ងៃអាទិត្យ។ ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលរាយការណ៍ថា អគារជាច្រើនត្រូវបានវាយប្រហារដោយផ្ទាល់ ឬដោយកម្ទេចកម្ទីមីស៊ីលដែលធ្លាក់ ហើយសេវារថយន្តសង្គ្រោះនិយាយថា ពួកគេបានព្យាបាលអ្នករបួសស្រាលមួយចំនួន។ ពុំមានអ្នកស្លាប់ និងរបួសធ្ងន់ធ្ងរត្រូវបានគេរាយការណ៍ឡើយ។

ក្រុមហេសបូឡា បង្ហោះនៅលើបណ្តាញតេលេក្រាមរបស់ខ្លួនកាលពីព្រឹកថ្ងៃអាទិត្យថា ខ្លួនបានកំណត់គោលដៅទៅលើមូលដ្ឋានទ័ពអាកាស រ៉ាម៉ាត ដេវីដ (Ramat David) របស់អ៊ីស្រាអែល ជាមួយនឹងមីស៊ីលរាប់សិបគ្រាប់ ដើម្បីឆ្លើយតបទៅនឹង «ការវាយប្រហាររបស់អ៊ីស្រាអែលម្តងហើយម្តងទៀតលើលីបង់»។
យោងតាមអាជ្ញាធរបានឱ្យដឹងថា ការវាយប្រហារកាន់តែខ្លាំងឡើងនេះបានកើតឡើងតិចជាង ៤៨ម៉ោងបន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល សំដៅទៅលើមេបញ្ជាការក្រុមហេសបូឡា ដោយសម្លាប់មនុស្សយ៉ាងហោចណាស់ ៣៧នាក់ នៅជាយក្រុងនៃរដ្ឋធានីលីបង់។ ក្រុមហេសបូឡានិយាយថា សមាជិក ១៦នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារកាលពីថ្ងៃសុក្រនោះ ខណៈអ៊ីស្រាអែល និយាយថាខ្សែសង្វាក់យោធារបស់ក្រុមសកម្មប្រយុទ្ធនេះរងការខូចខាតយ៉ាងធ្ងន់ធ្ងរ៕
