មន្ត្រីសន្តិសុខជាន់ខ្ពស់ម្នាក់បាននិយាយកាលពីថ្ងៃសុក្រ (២០ កញ្ញា) ថា រដ្ឋ ម៉ានីពួរ (Manipur) ភាគឦសាននៃប្រទេសឥណ្ឌា ត្រូវបានដាក់ឱ្យស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់ បន្ទាប់ពីរបាយការណ៍ចារកម្មបានសង្ស័យថាមានលទ្ធភាពនៃលំហូរចូលក្នុងរដ្ឋនេះរបស់ពួកសកម្មប្រយុទ្ធជនជាតិភាគតិច គូគី (Kuki) ចំនួន ៩០០នាក់មកពីសហភាពមីយ៉ាន់ម៉ា។
អង្គការមួយដែលតំណាងឱ្យសហគមន៍គូគី បានបដិសេធការចោទប្រកាន់របស់មន្ត្រីសន្តិសុខនោះ និងបានអំពាវនាវឱ្យមន្រ្តីរូបនោះលាលែងពីតំណែង។ លោក គុលឌីប ស៊ីញ (Kuldiep Singh) ទីប្រឹក្សាសន្តិសុខរបស់រដ្ឋម៉ានីពួរ បានប្រាប់អ្នកយកព័ត៌មានថា ព័ត៌មានទាក់ទងនឹងក្រុមសកម្មប្រយុទ្ធត្រូវបានចែករំលែកជាមួយទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ផ្សេងៗ។

ចាប់តាំងពីខែឧសភា ឆ្នាំ២០២៣ មក រដ្ឋម៉ានីពួរ បានជាប់ពាក់ព័ន្ធក្នុងអំពើហិង្សារវាងសហគមន៍ ម៉ីតី (Meitei) និងជនជាតិភាគតិច គូគី ដែលត្រូវបានជំរុញដោយជម្លោះលើអត្ថប្រយោជន៍សេដ្ឋកិច្ច និងកូតាផ្សេងៗ។
ដោយបដិសេធថាមិនមានការហូរចូលនៃពួកសកម្មប្រយុទ្ធគូគី ពីមីយ៉ាន់ម៉ា អង្គការនិស្សិតគូគី (KSO) ដែលជាស្ថាប័នសំខាន់តំណាងឱ្យសហគមន៍ក្នុងរដ្ឋ បានចោទប្រកាន់ទីប្រឹក្សាសន្តិសុខថាបានផ្សព្វផ្សាយព័ត៌មានមិនពិតអំពីសហគមន៍ ខណៈបរាជ័យក្នុងការធានាសុវត្ថិភាពរបស់ពួកគេ។
ព័ត៌មានចារកម្មសម្ងាត់ចុងក្រោយនេះធ្វើឡើងបន្ទាប់ពីមានរបាយការណ៍នៃការវាយប្រហារពាក់ព័ន្ធនឹងគ្រឿងផ្ទុះបញ្ជូនយានដ្រូន ដែលក្រុមមន្ត្រីចោទប្រកាន់ថាធ្វើឡើងដោយពួកសកម្មប្រយុទ្ធគូគី។ អ្នកតំណាងជនជាតិគូគី បានបដិសេធថា ការវាយប្រហារមិនត្រូវបានធ្វើឡើងដោយមនុស្សនៅក្នុងសហគមន៍របស់ពួកគេនោះទេ៕

