ប្រទេសបារាំង បានបើកបង្ហាញរដ្ឋាភិបាលថ្មីកាលពីថ្ងៃសៅរ៍ (២១ កញ្ញា) ដែលមានគោលបំណងបង្កើតតុល្យភាពដ៏ល្អប្រសើររវាងក្រុមស្តាំនិយម និងកណ្តាលនិយម ខណៈលោកនាយករដ្ឋមន្រ្តី មីស្ហែល បានីយ៉េ (Michel Barnier) សង្ឃឹមថានឹងបំបែកភាពជាប់គាំងនយោបាយ បន្ទាប់ពីការបោះឆ្នោតដែលបន្សល់ទុកនូវសភាដ៏បែកបាក់។

បន្ទាប់ពីរយៈពេលជាងពីរខែនៃភាពមិនប្រាកដប្រជានយោបាយចាប់តាំងពីការសម្រេចចិត្តដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ប្រធានាធិបតីកណ្តាលនិយម លោក អ៊ីម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ក្នុងការអំពាវនាវឱ្យមានការបោះឆ្នោតមុនកាលកំណត់មក លោក Barnier បានដាក់បញ្ចូលគ្នានូវគណៈរដ្ឋមន្ត្រីថ្មី ដែលលោកសង្ឃឹមថានឹងស្វែងរកការគាំទ្រពីទូទាំងបក្សនយោបាយនៅក្នុងសភាដែលពុំមានសំឡេងភាគច្រើននេះ។
គណៈរដ្ឋមន្ត្រីថ្មីរបស់លោក Barnier រួមមានមេដឹកនាំម្នាក់នៃបក្សអភិរក្សនិយមគឺ លោក ប្រុយណូ រ៉េតៃឡូ (Bruno Retailleau) ធ្វើជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ខណៈមុខតំណែងដ៏មានកិត្យានុភាពរបស់រដ្ឋមន្ត្រីហិរញ្ញវត្ថុ ត្រូវបានផ្តល់ទៅឱ្យលោក អង់តូន័រ អាម៉ង់ (Antoine Armand) វ័យ ៣៣ឆ្នាំ មកពីបក្សរបស់លោក Macron ដែលត្រូវបានបដិសេធដោយអ្នកនយោបាយជាន់ខ្ពស់ជាច្រើន។

ទោះជាមានការដាក់បញ្ចូលអ្នកនយោបាយ ១០នាក់មកពីបក្សសាធារណរដ្ឋអភិរក្សនិយម (LR) របស់លោក Barnier នៅក្នុងគណៈរដ្ឋមន្ត្រីក៏ដោយ លោក Macron បានរក្សាទុករដ្ឋមន្ត្រីដែលជិតអស់អាណត្តិមួយចំនួន នៅក្នុងមុខតំណែងសំខាន់ៗ។
មានតែអ្នកនយោបាយឆ្វេងនិយមម្នាក់ប៉ុណ្ណោះដែលបានចូលរួមគណៈរដ្ឋមន្ត្រីថ្មីនេះ គឺលោក ឌីឌា មីហ្គោ (Didier Migaud) ជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌។ លោក ហ្សង់នូអែល បារ៉ូ (Jean-Noel Barrot) រដ្ឋមន្ត្រីអឺរ៉ុបដែលជិតផុតអាណត្តិ ត្រូវបានតែងតាំងជារដ្ឋមន្ត្រីការបរទេស ហើយ សេបាទ្យាន លេក័រនុយ (Sebastien Lecornu) នឹងបន្តធ្វើជារដ្ឋមន្ត្រីការពារជាតិ៕
