មេដឹកនាំនៃប្រទេសអូស្ត្រាលី ឥណ្ឌា ជប៉ុន និងសហរដ្ឋអាមេរិក បានពង្រីកជំហានសន្តិសុខរួមគ្នានៅក្នុងដែនទឹកដែលសម្បូរដោយពាណិជ្ជកម្មរបស់អាស៊ី ខណៈលោកប្រធានាធិបតីអាមេរិកដែលជិតអស់អាណត្តិ Joe Biden បានធ្វើជាម្ចាស់ផ្ទះទទួលសមភាគីមកពីក្រុមមេដឹកនាំចតុភាគីប្រទេស ឬហៅថា ក្វាដ (Quad) ដែលបានបង្កើតឡើងដោយសារតែការព្រួយបារម្ភរួមគ្នាពីប្រទេសចិន។

លោក Biden ជួបជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វ៊ូមីអូ គីស៊ីដា (Fumio Kishida) លោកនាយករដ្ឋមន្ត្រីឥណ្ឌា ណារិន្រ្ទៈ ម៉ូឌី (Narendra Modi) និងលោកនាយករដ្ឋមន្ត្រីអូស្ត្រាលី អាន់ថូនី អាល់បានីស (Anthony Albanese) នៅជិតស្រុកកំណើត ដេឡាវែរ (Delaware) របស់លោកកាលពីថ្ងៃសៅរ៍ ខណៈលោកនឹងចាកចេញពីតំណែងបន្ទាប់ពីការបោះឆ្នោតប្រធានាធិបតីអាមេរិក នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆាប់ៗខាងមុខ។
បណ្ដាមេដឹកនាំទាំងនោះបានប្រកាសប្រតិបត្តិការឆ្មាំល្បាតឆ្នេររួមគ្នានៅឆ្នាំក្រោយ ដែលនឹងរួមបញ្ចូលបុគ្គលិកអូស្ត្រាលី ជប៉ុន និងឥណ្ឌា ដែលនឹងឈរជើងនៅលើនាវាឆ្មាំល្បាតឆ្នេរអាមេរិក។ ក្រុមមន្ត្រីបាននិយាយថា ប្រទេសនានាគ្រោងបង្កើនកិច្ចសហប្រតិបត្តិការផ្នែកដឹកជញ្ជូនយោធា ប៉ុន្តែពួកគេមិនបានធ្វើអត្ថាធិប្បាយអំពីទីតាំងសមុទ្រណាដែលសកម្មភាពឆ្មាំល្បាតឆ្នេរនឹងកើតឡើងនោះទេ។

មេដឹកនាំទាំងនោះក៏មានគម្រោងពង្រីកភាពជាដៃគូឥណ្ឌូប៉ាស៊ីហ្វិកសម្រាប់ការយល់ដឹងអំពីដែនសមុទ្រដែលបានចាប់ផ្តើមកាលពីពីរឆ្នាំមុន។ ខណៈពេលសេតវិមាននិយាយថា កិច្ចប្រជុំកំពូល Quad មិនមែនសំដៅទៅលើប្រទេសណាមួយ ហើយថាទីក្រុងប៉េកាំង មិនគួរស្វែងរកបញ្ហាជាមួយនឹងគំនិតផ្តួចផ្តើមនេះនោះ លោក Biden បានចាប់ផ្តើមសម័យប្រជុំក្រុមនៃកិច្ចប្រជុំកំពូលជាមួយនឹងការសង្ខេបអំពីចិន។
ក្រុមអ្នកវិភាគនិយាយថា គំនិតផ្តួចផ្តើមសន្តិសុខដែនសមុទ្រថ្មីនេះនឹងផ្ញើសារទៅកាន់ទីក្រុងប៉េកាំង និងតំណាងឱ្យការផ្លាស់ប្តូរបន្ថែមទៀតនៃការសង្កត់ធ្ងន់លើសកម្មភាពរបស់ក្រុម Quad ចំពោះបញ្ហាសន្តិសុខ ដែលឆ្លុះបញ្ចាំងពីកង្វល់កាន់តែខ្លាំងឡើងលើចេតនារបស់ចិន។ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានជំទាស់នឹងការដាក់ក្រុម Quad នេះថាជាកិច្ចប្រឹងប្រែងដើម្បីឡោមព័ទ្ធទីក្រុងប៉េកាំង និងបង្កើនជម្លោះ៕
