ប្រជាជនអាមេរិក បានចាប់ផ្តើមទៅបោះឆ្នោតដោយផ្ទាល់ជាមុន របស់ពួកគេកាលពីថ្ងៃសុក្រ (២០ កញ្ញា) ខណៈការបោះឆ្នោតប្រធានាធិបតីទូទាំងប្រទេសនៅសល់រយៈពេល ៦សប្តាហ៍ទៀត ដែលបណ្ដាមេដឹកនាំបក្សសាធារណរដ្ឋ និងបក្សប្រជាធិបតេយ្យ ហៅថាជាព្រឹត្តិការណ៍សំខាន់បំផុតនៅក្នុងជំនាន់។

ក្នុងស្ថានភាពមានហានិភ័យខ្ពស់នេះ បេក្ខភាពប្រធានាធិបតីនៃបក្សប្រជាធិបតេយ្យ និងជាអនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris និងមេដឹកនាំផ្សេងទៀត បានពណ៌នាបេក្ខជនមកពីបក្សសាធារណរដ្ឋ លោក Donald Trump ថាជាការគំរាមកំហែងដល់លទ្ធិប្រជាធិបតេយ្យ ខណៈលោក Trump បាននិយាយថា លោកត្រូវតែឈ្នះដើម្បីសង្គ្រោះប្រទេសពីការគ្រប់គ្រងរបស់ពួកប្រជាធិបតេយ្យ។

ការទៅបោះឆ្នោតដោយផ្ទាល់មុនកំណត់នេះធ្វើឡើងមុនពេល ៦សប្តាហ៍រហូតដល់ថ្ងៃបោះឆ្នោតពិតប្រាកដនៅថ្ងៃទី០៥ ខែវិច្ឆិកា។ នេះមានន័យថា ទីបញ្ចប់ជិតមកដល់សម្រាប់យុទ្ធនាការបោះឆ្នោតដ៏ខ្វែងគំនិតគ្នាយ៉ាងជូរចត់ ដែលក្នុងរយៈពេលត្រឹមតែពីរខែកន្លងមកនេះ បានឃើញលោកស្រី Harris ជំនួសបេក្ខភាពរបស់លោកប្រធានាធិបតី Joe Biden ហើយលោក Trump បានគេចផុតពីការប៉ុនប៉ងធ្វើឃាតលើកទីមួយនៅរដ្ឋ ផិនស៊ីលវេនៀ (Pennsylvania) និងលើកទីពីរកាលពីថ្ងៃអាទិត្យ សប្ដាហ៍មុន នៅក្លឹបវាយកូនហ្គោលរដ្ឋហ្វ្លរីដា (Florida) របស់លោក។

រដ្ឋភាគច្រើនផ្តល់ជូននូវទម្រង់មួយចំនួននៃការបោះឆ្នោតដោយផ្ទាល់មុនកំណត់។ ការបោះឆ្នោតដោយផ្ទាល់លើកដំបូងគឺនៅរដ្ឋ វើជីននៀ (Virginia) មីនីសូថា (Minnesota) និង សៅ ដេកូថា (South Dakota) ខណៈរដ្ឋជាច្រើនទៀតនឹងអនុវត្តតាមនៅពាក់កណ្តាលខែតុលា។ ខណៈពេលដែលលោក Trump បានសម្តែងការសង្ស័យជាញឹកញាប់ពីការបោះឆ្នោតមុនកាលកំណត់នេះ គណៈកម្មាធិការជាតិបក្សសាធារណរដ្ឋបានលើកឡើងថា ការបោះឆ្នោតជាមុននៅឆ្នាំនេះជាមធ្យោបាយដ៏សំខាន់មួយក្នុងការប្រមូលសន្លឹកឆ្នោតជាមុន ដោយសារអាកាសធាតុ និងកត្តាផ្សេងទៀតអាចប៉ះពាល់ដល់ចំនួនអ្នកទៅបោះឆ្នោតនៅថ្ងៃទី០៥ ខែវិច្ឆិកា៕