បន្ទាប់ពីឆ្លងកាត់កិច្ចប្រជុំប្រកបដោយផ្លែផ្កាចំនួន២លើក ក្នុងខែកក្កដា និងខែសីហា ជុំវិញកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្មដំណាំ កម្ពុជា-ចិន រវាងមន្រ្តីក្រសួងជំនាញពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា (មានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងពាណិជ្ជកម្ម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ) ក្រុមហ៊ុនដឹកជញ្ជូនតាមផ្លូវអាកាស (Cambodia Angkor Air) និងភាគីអ្នកបញ្ជាទិញ (Jian Yu Zhou Heng Trading) កម្ពុជា បានសម្រេចជោគជ័យក្នុងការនាំចេញផលិតផលគ្រាប់ស្វាយចន្ទីជាលើកដំបូង ចំនួន២តោន នៃផលិតផលគ្រាប់ស្វាយចន្ទីដែលបានបញ្ជាទិញចំនួន ២០០តោន/ឆ្នាំ ទៅកាន់ខេត្តហឺណាន ប្រទេសចិន។
សមិទ្ធិផលនេះ គឺកើតចេញពីកិច្ចខំប្រឹងប្រែងរបស់ក្រុមការងារមន្ត្រីជំនាញនៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ក្រសួងពាណិជ្ជកម្ម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយការដាចេញគោលនយោបាយ ការណែនាំ និងដោយមានការអនុវត្តតាមដោយយ៉ាងយកចិត្តដាក់ពីសំណាក់ក្រុមហ៊ុនពាក់ព័ន្ធ ដើម្បីឱ្យស្របតាមភូគាមសុវត្ថិភាព គុណភាព និងអនាម័យ ឬការតម្រូវរបស់រដ្ឋាភិបាលចិន ឬពីសំណាក់អ្នកបញ្ជាទិញក្នុងប្រទេសចិន។
ឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបញ្ជាក់ថា រយៈពេល៨ខែ ក្នុងឆ្នាំ២០២៤នេះ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីចំនួន ៥៦ម៉ឺនតោនទៅកាន់ទីផ្សារក្រៅប្រទេសរួចហើយ។ សម្រាប់ការនាំចេញគ្រាប់ស្វាយចន្ទីចំនួន ២តោនលើកទីមួយ នៅថ្ងៃទី២២ ខែកញ្ញានេះតាមផែនការមានគម្រោងនាំចេញទៅចំនួន ២០០តោនក្នុង១ឆ្នាំទៅកាន់ខេត្តហឺណាន ប្រទេសចិន។







